(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវកាសេវាណាមួយ សូមអញ្ជើញទៅការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ខ្លួនឯង ដើម្បីទទួលសេវា កុំពឹងគេ បើកាលណាបងប្អូនពឹងគេ គេយកលុយ ហើយបងប្អូនចេះតែដាក់បន្ទុកមកលើអាជ្ញាធរ ស្នើសុំលុបបំបាត់ លុបបំបាត់អ្នកកណ្តាល យើងអត់ត្រូវការអ្នកកណ្តាលទេ។ យើងអ្នកផ្តល់សេវា យើងត្រូវការជួបអ្នកដែលមកទទួលសេវា ប្រជាពលរដ្ឋដែលជាអ្នកត្រូវការសេវា ភ្នាក់ងាររបស់រដ្ឋជាអ្នកផ្តល់សេវា។
អភិបាលខណ្ឌច្បារអំពៅថ្លែងអំពាវនាវបែបនេះ នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង៦ខ្សែ មានប្រវែងសរុប ៩៣៧ម៉ែត្រ និងដាក់លូមូលដោះទឹក ៣ខ្សែ ប្រវែង ២៣៥ម៉ែត្រ នៅក្នុងភូមិតាងៅ ភូមិតាងៅក្រោម ភូមិឫស្សីស្រស់ ភូមិកោះនរា និងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២០០នាក់។
ក្នុងពិធីនេះដែរលោក ចេង មុនីរ៉ា បានសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុង ត្រូវចូលរួមសហការតាមដានការអនុវត្តគម្រោង និងយោគយល់ដល់ក្រុមការងារ ដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងទាំង ៦ខ្សែ និងដាក់លូដោះទឹក៣ខ្សែនេះ។
ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ក្នុងការអនុវត្តគម្រោងត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុន ក៏ទទួលបានការសសើរពីប្រជាពលរដ្ឋ និងអាជ្ញាធរផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម។ រាល់ការផ្តល់ព័ត៌មានរបស់បងប្អូន អាជ្ញាធរ និងរក្សាការសម្ងាត់ជូន ហើយក៏មានន័យថា បងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិសង្កាត់មានសុវត្ថិភាព) ឲ្យមានប្រសិទ្ធភាព។
នៅចុងបញ្ចប់ នៃពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែក និងដាក់លូដោះទឹកនេះដែរ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ កុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម។ «យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត»៕