(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកច្ឆ័ន្ធផ្តួចផ្តើមធ្វើពិធីបុណ្យកឋិនទានសាមគ្គី តាមពុទ្ធានុញ្ញាត ដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលផ្នែកពុទ្ធចក្រ និងជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។

ពិធីសែនក្រុងពិលីបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃនេះ ក៏មានរៀបចំពិធីនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីផ្តល់នូវពរសព្វសាធុការជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មទាំងអស់។

នៅវេលាព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ស្អែក អង្គកឋិនទានសាមគ្គីនេះ នឹងត្រូវដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្ត ប្រាសាទស្រីល័ក្ខ ស្ថិតក្នុងភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ និងវត្តពោធ្យារាម ស្ថិតក្នុងភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នៅក្នុងឱកាសដ៏នក្ខត្តឫក្សនោះ ក៏មានពិធីប្រគេនយាគូព្រះសង្ឃ ពិធីវេរភត្តាហារប្រគេនដល់ព្រះសង្ឃ និងពិធីដង្ហែអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ព្រមទាំងពិធីនមស្សការ ថ្វាយបង្គំព្រះ និងវេរអង្គកឋិនប្រគេនដល់ព្រះសង្ឃ ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យ។

ពិធីបុណ្យបានប្រព្រឹត្តិទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺប្រព្រឹត្តិទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា កឋិនទាន ជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើង បន្ទាប់ពីចេញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ បើទីអារាមណា មិនមានអង្គកឋិន ហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ត្រូវរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារាមដែលបានកំណត់៕