(មណ្ឌលគិរី)៖ វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ត្រូវបានរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ វេទិកានេះបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ញ៉ម សិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
វេទិកាសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីចូលរួមចំណែកផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងបង្កើនភាពជាដៃគូស្មោះត្រង់និងមិនរើសអើងរវាងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងដំណើរការនៃការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ វេទិកាសន្ទនានេះក៏បានបើកទូលាយឱ្យមានការជជែកពិភាក្សាដោយត្រង់ទៅត្រង់មករវាងតំណាងអង្គការសង្គមស៊ីវិលនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ
របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឆ្លៀតឱកាសនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះសេរីភាពពេញលេញនៅក្នុងវិស័យសង្គមស៊ីវិល និងសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗជាច្រើន នៅតាមបណ្តាមូលដ្ឋានក្នុងខេត្ត ដែលកើតឡើងតាមរយៈកិច្ចសហការល្អរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិលកន្លងមក។ លោកបានលើកទឹកចិត្តដល់គ្រប់ភាគីចូលរួមអភិវឌ្ឍន៍ទាំងអស់ ឲ្យទទួលស្គាល់នូវគុណតម្លៃរួមនៃកិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលជាកត្តាចាំបាច់ក្នុងការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតបរិយាកាសសហការជិតស្និទ្ធ។
លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានអំពាវនាវផងដែរដល់អង្គការសង្គមស៊ីវិលទាំងអស់ចូលរួមធ្វើសង្គតភាពផែនការការងាររបស់ខ្លួន ឱ្យស្របតាមផែនការអភិវឌ្ឍន៍និងវិនិយោគថ្នាក់មូលដ្ឋាន ដោយសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ។ ជាងនេះទៀត លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល ប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពច្បាប់ជាធរមាន រួសរាន់ទៅចុះបញ្ជីពន្ធដារ និងបន្តចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្តបានកោតសរសើរចំពោះកិច្ចសហការល្អរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមក និងបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តបង្កើនកិច្ចសហការឱ្យបាននិងជិតស្និទ្ធបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍនៅមូលដ្ឋានស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
តំណាងអង្គការសង្គមស៊ីវិល បានអបអរសាទរយ៉ាងខ្លាំងចំពោះវេទិកានេះ និងចូលរួមយ៉ាងផុសផុលនៅក្នុងកិច្ចពិភាក្សា ដោយបានលើកឡើងដោយត្រង់ទៅត្រង់មកនូវបញ្ហាប្រឈមនានា និងសំណូមពរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា៕