(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ត្រី ឌុច ដារិន្ទ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងឲ្យនាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Ryan Tierney លេខាទី១ និងជាកុងស៊ុល ទើបមកបំពេញការងារនៅកម្ពុជា ពាក់ព័ន្ធនឹងការងាររបស់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា និងសន្តិសុខរបស់អ្នកទេសចរ និងវិនិយោគិនអូស្ត្រាលីនៅកម្ពុជា។
ជំនួបទ្វេភាគីរវាងឧត្ដមសេនីយ៍ត្រី ឌុច ដារិន្ទ និង លោក Ryan Tierney ធ្វើឡើងនៅនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក Shane Holder លេខាទី២ និងជាកុងស៊ុលនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា រួមនឹងសហការីមួយចំនួនទៀតផងដែរ។
នាឱកាសនោះឧត្តមសេនីយ៍ ឌុច ដារិន្ទ បានណែនាំខ្លួនពីប្រវត្តិសិក្សានៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកថា លោកបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស (London School of Economics) បណ្ឌិតផ្នែកនីតិសាស្រ្ត និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពី សាកលវិទ្យាល័យរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ហើយទាក់ទងការងារបច្ចុប្បន្នលោកគឺជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ធាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ ឌុច ដារិន្ទ បានពន្យល់ពីសមាសភាព និងតួនាទីរបស់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅកម្ពុជា ក្នុងការការពារ និងផ្តល់សុវត្ថិភាពជូនទេសចរវិនិយោគិនបរទេស, អ្នកការទូត និងនិវេសនដ្ឌានទូត។
លោកឧត្តមសេនីយ៍ត្រីរូបនោះ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពសន្តិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយចំពោះសុវត្ថិភាពជនបរទេស ដែលមានវត្តមាននៅកម្ពុជា កំពុងត្រូវបានយកចិត្តទុកដាក់ខ្លាំង ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃផងដែរ។
លោក Ryan Tierney បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ លើកិច្ចការងារការពារស្ថានទូត, និវេសនដ្ឋាន, មន្ត្រីការទូត, វិនិយោគិន និងភ្ញៀវទេសចរណ៍អូស្ត្រាលីនៅកម្ពុជា ជាពិសេសក្រុមការងារព័ត៌មានទាន់ហេតុការណ៍ HOTLINE បានជួយសហការស្វែងរកទូរស័ព្ទ ដែលបានបាត់កន្លងមក៕
លោកបន្ថែមថា ក្រុម HOTLINE មានឧត្តមប្រយោជន៍ច្រើន និងដើរតួនាទីសំខាន់ក្នុងការផ្ដល់សុវត្ថិភាព ជនបរទេសក្នុងករណីសង្រ្គោះបន្ទាន់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឌុច ដារិន្ទ ក៏បានស្នើសុំឲ្យរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោក Ryan Tierney ជួយបណ្ដុះបណ្ដាលបន្ថែម ដល់កងកម្លាំងនគរបាលកម្ពុជា នៅជំនាញភាសារអង់គ្លេស។
ជាការឆ្លើយតបចំពោះសំណូមពរ លោក Ryan Tierney បានឯកភាព និងសន្យាពាំនាំសំណើទាំងអស់ ទៅរាយការណ៍ជូនថ្នាក់ដឹកនាំអូស្ត្រាលី ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនដល់កម្ពុជា៕