(ភ្នំពេញ)៖ នៅឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាអាចខ្ចីលុយបរទេសបានប្រមាណ ១៤០០លាន SDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ស្មើនឹងជិត២ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ខណៈបំណុលសរុបជាង៧ពាន់លានដុល្លារ។

ប្រាក់កម្ចីនេះ ប្រើសម្រាប់យកទៅអភិវឌ្ឍលើវិស័យសំខាន់មួយចំនួនដូចជា ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពមួយចំនួនទៀតដូចជា៖ គម្រោងក្នុងវិស័យកសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំ។

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ក្នុងសេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា កម្ចីនេះផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍អនុវត្តលើគម្រោងសំខាន់ៗចំនួន ២៩គម្រោង ក្នុងចំណោមគម្រោងសរុបចំនួន៣២។

គម្រោងដែលនឹងត្រូវចុះហត្ថលេខាទទួលកម្ចីនោះរួមមាន៖ ធនាគារពិភពលោកចំនួន ៣គម្រោង, ធនាគារអភិវឌ្ឍន៍អាស៉ីចំនួន ៧គម្រោង, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ចំនួន ១គម្រោង, សាធារណរដ្ឋប្រជាមានិតចិនចំនួន ៨គម្រោង, ប្រទេសជប៉ុនចំនួន ២គម្រោង, សាធារណរដ្ឋកូរ៉េចំនួន ៣គម្រោង, សាធារណរដ្ឋបារាំងចំនួន ៣គម្រោង, ព្រះរាជាណាចក្រថៃចំនួន ១គម្រោង និងសាធារណរដ្ឋឥណ្ឌាចំនួន ១គម្រោង។

ក្នុងសេចក្តីព្រាងច្បាប់ក៏បានបញ្ជាក់ដែរថា ការសម្រេចឱ្យខ្ចីថវិកាបរទេសជិត ២ពាន់លានដុល្លារនេះ ដោយសំអាងទៅលើទិដ្ឋភាពសំខាន់ៗចំនួន៥រួមមាន៖

១៖ កំណើនតម្រូវការទុនវិនិយោគដ៏គំហុកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈទាំងទំហំ, បរិមាណនិងគុណភាពសម្រាប់ជំរុញ ការហក់ឡើងនៃសេដ្ឋកិច្ចនៅក្នុងដំណាក់កាលថ្មី និងក្នុងបរិបទនៃភាពមិនច្បាស់លាស់

២៖ គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០ គឺជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមកតែមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង

៣៖ សុទ្ធសឹងតែជាឥណទានដែលមានកម្រិតសម្បទានខ្ពស់

៤៖ ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យម និងវែង នៅតែមានចីរភាព និងហានិភ័យកម្រិតទាប ៥៖ ការបន្តបង្កើនប្រសិទ្ធភាពភាពខ្ពស់ក្នុងការគ្រប់គ្រង និងការអនុវត្តគម្រោង។

ក្នុងសេចក្តីព្រាងច្បាប់ដែលទើបអនុម័ត បានបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៩ កម្ពុជាជំពាក់បំណុលបរទេសសរុបប្រមាណ ៧,២៦៤លានដុល្លារអាមេរិក។ ក្នុងនោះកម្ចីពីប្រទេសចិនមានជិត ៥០ភាគរយ។

ប្រជាពលរដ្ឋកម្ពុជាតែងបង្ហាញការព្រួយបារម្ភចំពោះកម្ចីពីបរទេស ដោយខ្លាចកម្ចីនេះក្លាយទៅជាបំណុលមិនអាចមានលទ្ធភាពសងទៅវិញ។ នៅក្នុងសេចក្តីព្រាងច្បាប់ បានអះអាងថា ទំហំនៃការខ្ចីនេះ មិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជានោះទេ ព្រោះថានៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើននោះ សមត្ថភាពសងរបស់កម្ពុជាក៏ខ្ពស់ជាងមុនដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក៏បានសម្រេចដាក់ឱ្យអនុវត្តន៍យុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលសម្រាប់ឆ្នាំ២០១៩-២០២៣ផងដែរ។ នៅក្នុងយុទ្ធសាស្ត្រនេះ សម្តេចតេជោ បានដាក់ចេញគោលការណ៍គន្លឹះចំនួន៥ សម្រាប់គ្រប់គ្រងបំណុលសាធារណៈឱ្យមានប្រសិទ្ធភាព។ គោលការណ៍ទាំង៥នោះរួមាន៖

១៖ ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត។
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ចសង្គម, បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕