(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រគ្រូបង្គោល និងសហជីពមូលដ្ឋាន ក្រោមអធិបតីភាពលោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:។

លោក ប្រាក់ ចាន់ធឿន បានកោតសរសើរចំពោះការរៀបចំឲ្យមានពិធីដ៏មានសារៈសំខាន់នេះ និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានសម្រេច បង្កើតកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល និងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហជីពមូលដ្ឋាន និងសកម្មជនសហជីពរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដើម្បីពង្រឹងសមត្ថភាព យល់ដឹងទាក់ទងច្បាប់ នីតិវិធីដោះស្រាយវិវាទការងារ និងមានទំនាក់ទំនងល្អរវាងនិយោជក និងកម្មករនិយោជិត។

រដ្ឋលេខាធិការ បានបន្ថែមថា តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅតាមបណ្ដាកម្មវិធី ចុះសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋនាពេលកន្លងមក កម្មករនិយោជិតក៏បានទទួលអត្ថប្រយោជន៍ថ្មីៗជាច្រើនបន្ថែមទៀតជាក់ស្ដែងដូចជាការពិនិត្យ និងព្យាបាលជំងឺនៅតាម មន្ទីពេទ្យរដ្ឋសម្រាប់សម្រាលកូនជូនកម្មការិនី។ល។

ទន្ទឹមនិងនេះក្រសួង ក៏បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈតាមរយៈការពង្រឹងតួនាទីគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា និងការពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងវិវាទបុគ្គល និងវិវាទការងាររួម ចាប់តាំងពីពេលកើតមានវិវាទរហូតដល់ការជម្រះក្ដីដោយតុលាការមានសម្ថកិច្ច។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៏វិស័យសេដ្ឋកិច្ច ជាពិសេសវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា ក៏ដូចជា ដើម្បីពង្រឹងសមត្ថភាពយល់ដឹងពីច្បាប់បទដ្ឋានការងារជាតិ អន្តរជាតិនីតិវិធីដោះស្រាយវិវាទការងារសិទ្ធិកាតព្វកិច្ចរបស់សហជីពនិងកម្មករ និយោជិត ទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពនៅ កន្លែងការងារ ហើយដើម្បីបំពេញកង្វះខាតគ្រូអប់រំ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសម្រេចបង្កើតកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល និងកម្មវិធីបណ្តុះបណ្តាលពង្រឹង សមត្ថភាពយល់ដឹងដល់ថ្នាក់ដឹកនាំ សហជីពមូលដ្ឋាន និងសកម្មជនសហជីពជាសមាជិកសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។

លោក សោម អូន បានបញ្ជាក់ថា ផែនការរបស់ NACC នៅឆ្នាំ២០១៩នេះ គឺត្រូវបណ្តុះបណ្តាលគ្រូបង្គោលចំនួន ១៧រូបបន្ថែមទៀត ថ្នាក់ដឹកនាំសហជីពតាមបណ្តារោងចក្រ សហគ្រាសចំនួនពី២០០ទៅ២៤០រូប។ ចំពោះសិក្ខាកាមដែលបានចូលរួមបិទវគ្គ ទទួលវិញ្ញាបនបត្រនៅលើកទី១នេះ គឺមានសិក្ខាកាមសរុបចំនួម៨៧រូប ក្នុងនោះមានគ្រូបង្គោលថ្មីចំនួន ១៧រូប, សិក្ខាកាមជាថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន២វគ្គស្មើនិង៥៤រូប មកពី២២រោងចក្រ, គណៈកម្មការអប់រំ០៦រូប និងថ្នាក់ដឹកនាំ NACC ១០រូប។

លោក សោម អូន បានបង្ហើបឲ្យដឹងថា សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា មានគំរោងរួចហើយគឺគ្រោងនឹងរៀបចំកម្មវិធីអកអំបុក ៩ វិច្ឆិកា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រក្រោមម្លប់ សន្តិភាពសម្តេចតេជោ ដោយធ្វើនៅក្នុងទឹកដីខណ្ឌកំបូល ដែលនឹងមានកម្មករ និងប្រជាពលរដ្ឋចូលរួមជាង ២០០០នាក់។

លោកក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ចូលរួមរៀបចំកម្មវិធីអបអរសាទរអកអំបុកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ នៅតាមទីតាំងគេហដ្ឋាន ផ្ទះជួល រឺទីតាំងផ្សេងៗគ្នាដែលអាចធ្វើបាន ក្នុងស្មារតីចូលរួមថែរក្សានិងគាំទ្រ ប្រពៃណីទំនៀមទម្លាប់ខ្មែរ គាំទ្រសុខសន្តិភាព និងការវិវឌ្ឍប្រទេសជាតិ៕