(កំពង់ស្ពឺ)៖ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍មហាវិនាសកម្ម ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះមានអត្រាជនពិការខ្ពស់ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពងាយរងគ្រោះមួយចំនួន ដែលនាំឱ្យមានពិការភាព ដូចជា គ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

ក្រៅពីនោះក៏មានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា និងមូលហេតុផ្សេងៗទៀត។ នេះជាការលើកឡើងលោកស្រី យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការកសិកម្ម និងជាអនុប្រធានក្រុមការងារសកម្មភាពជនពិការ ក.ស.ក ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការងារពិការភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៩។

លោកស្រី បានបន្តថា ជនពិការត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលទៅក្នុងគ្រប់សកម្មភាពអភិវឌ្ឍន៍ ហើយមិនត្រូវទុកជនពិការឲ្យនៅដាច់ដោយឡែកនោះទេ ត្រូវធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបថ ការយល់ឃើញរបស់សង្គមចំពោះជនពិការ ក្នុងការទទួលស្គាល់សកម្មភាព និងសំឡេងរបស់ជនពិការ ដែលនាំមកនូវការលើកកម្ពស់ ដល់ការអភិវឌ្ឍសង្គម ហើយជនពិការមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការយកឈ្នះនូវរាល់ឧបសគ្គរារាំងផ្សេងៗដោយខ្លួនឯងដែរ។ ដូចនេះការដាក់បញ្ចូលពួកគេនៅគ្រប់វិស័យ ដោយផ្អែកលើគោលការណ៍សិទ្ធិស្មើគ្នា ដើម្បីធ្វើឲ្យជីវិត និងគ្រួសារពួកគេមានភាព ជំហានៗ បន្តបន្ទាប់ ។

ក្រៅពីលិខិតតុបករណ៍អន្តរជាតិ ដែលត្រូវបានគាំទ្រដល់ការសកម្មការងារសកម្មភាពជនពិការ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំតាក់តែងលិខិតបទដ្ឋានច្បាប់មួយចំនួនស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានអនុម័ត និងប្រកាសឲ្យប្រើដោយព្រះរាជក្រម។ គោលបំណងសំខាន់របស់ច្បាប់នោះ ដើម្បីការពារសិទ្ធិ និងសេរីភាពរបស់ជនពិការការពារផលប្រយោជន៍ជនពិការ ទប់ស្កាត់កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនពិការ ស្ដារកាយសម្បទាសតិបញ្ញា និងវិជ្ជាជីវៈដើម្បីធានាលទ្ធភាពក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពនៃជនពិការក្នុងសកម្មភាពនានារបស់សង្គម។

លោកស្រីអនុរដ្ឋលេខាធិការបញ្ជាក់ថា ក្នុងនាមក្រសួងកសិកម្ម, ក្រុមការងារសកម្មភាពជនពិការ ក.ស.ក មន្ទីរកសិកម្មរុក្ខារាជធានី-ខេត្ត ត្រូវរៀបចំបង្កើតឲ្យមានក្រុមការងារជនពិការប្រចាំមន្ទីរ ដោយមានប្រធានមន្ទីរ ជាប្រធាន ឬជាប្រធានកិត្តិយស ដើម្បីជំរុញឲ្យការងារពិការភាព ដំណើរការទៅដោយសកម្ម និងប្រកបដោយភាពរលួន។ ពិនិត្យលទ្ធភាពអាទិភាពថវិកាសម្រាប់រៀបចំ ទីជម្រាល ចំណតជនពិការ និងបន្ទប់ទឹកជនពិការ សម្រាប់ចំណតឲ្យជនពិការចេញចូល ឆ្លើយតបទៅ និងបទប្បញ្ញត្តិច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងយោងតាមភារកិច្ចរបស់ រដ្ឋបាល ជនពិការ ដែល នឹងចុះធ្វើអធិការកិច្ចវាយតម្លៃការងារនេះ។ ដូច្នេះនៅតាមអង្គភាព ដើម្បីជាវាងការទទួលពិន័យ ពីរដ្ឋបាលជនពិការគ្រប់អង្គភាព ត្រូវតែរៀបចំឲ្យបានឆាប់។

មន្ទីរអង្គភាព ត្រូវបង្កើតមូលនិធិ និងការស្រង់ស្ថិតិជនពិការនៅតាមអង្គភាពនីមួយៗ ដោយយោងតាមស្មារតីលិខិតចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ៕