(កំពត)៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត បានចូលរួមក្នុងពិធីវេទិកាពិគ្រោះយោបល់ស្ដីពី ការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្ត (២០២០-២០២២) ដោយចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត មន្ទីរ អង្គភាព អង្គការ សង្គមស៉ីវិល និងវិស័យឯកជនក្នុងខេត្ត។
លោក ជាវ តាយ បានចាត់ទុកអង្គវេទិកាពិគ្រោះយោបល់ពេលនេះ គឺពិតជាមានសារៈសំខាន់ នៃដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ដោយបន្ទាប់ពីបានប្រព្រឹត្តទៅ និងបានបញ្ចប់នូវជំហានទី ១កន្លងទៅ។
ពេលនេះក្រុមការងារកសាងផែនការខេត្តកំពុងបន្តរៀបចំដំណើរការជំហានទី២ បន្តទៀត ក្នុងគោលបំណង ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលតម្រូវការអភិវឌ្ឍន៍ ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតប និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលខេត្តបានបន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ នៅក្នុងវេទិកាពិគ្រោះយោបល់ថ្ងៃនេះ ជាលទ្ធផលរំពឹងទុកដែលរដ្ឋបាលខេត្តរដ្ឋបាលស្រុក រដ្ឋបាលក្រុង ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា បានដឹង បានយល់ អំពីទស្សនៈគោលបំណងតម្រូវការគម្រោងអភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព ហើយនឹងអាចឈានទៅដល់មានការសម្របសម្រួលគ្នា ដើម្បីឲ្យការវិនិយោគដូចជាការអភិវឌ្ឍ នៅតាមមូលដ្ឋានប្រព្រឹត្តទៅដោយរលូន មានសង្គត់ភាព និងមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អង្គវេទិកាថា កិច្ចការតទៅមុខទៀតនេះ សម្រាប់ក្រុមការងារកសាងផែនការក្រុង ស្រុក ត្រូវត្រៀមរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគនៅថ្នាក់ក្រុង ស្រុក ចំណែកឯមន្ទីរអង្គភាពអង្គការសង្គមស៊ីវិល និងវិស័យឯកជន ក៏ត្រូវត្រៀមរៀបចំសម្រាប់ការចូលរួមគាំទ្រដល់គម្រោងសកម្មភាពដែលបានស្នើឡើងនៅក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក ក្រុងដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក និងតាមការអញ្ជើញចូលរួមរបស់រដ្ឋបាលស្រុក ក្រុង។
លោកអភិបាលខេត្ត ក៏បានសំដែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់បណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្តតំណាងដៃគូអភិវឌ្ឍន៍នានា និងសមាជិកក្រុមការងារកសាង ផែនការខេត្ត ដែលកន្លងមកបានខិតខំចូលរួមយ៉ាងសកម្មសហការគ្នារៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្តទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងទាន់ពេលវេលា។
សូមបញ្ជាក់ថា អង្គវេទិកានេះក៏មានធ្វើការបទបង្ហាញពីតំណាងមន្ទីរអង្គភាពនីមួយៗ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាពីគម្រោងអភិវឌ្ឍន៍ដែលមានថវិកាដឹងទីតាំងគម្រោងនីមួយៗ សម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់ និងថ្នាក់រដ្ឋបាលដែលត្រូវសហការអនុវត្តដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕