(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យប្រតិភូយោធាថៃ ដែលដឹកនាំដោយលោកវរៈនាវីឯក ជីឡូត សុខអាឡាម ប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំខេត្តចាន់បូរី-ត្រាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តប៉ៃលិន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែន នៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត។
លោក ផាន់ ចាន់ធុល បានថ្លែងអំណរគុណចំពោះប្រតិភូការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំខេត្តចាន់បូរី- ត្រាត នៃព្រះរាជាណាចក្រថៃ បានចូលមកពិភាក្សាការងារ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងប្រទេសទាំង២ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ផាន់ ចាន់ធុល ក៏បានសំនូមពរដល់ភាគីថៃ បន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី- ប៉ៃលិន ជាពិសេសសហការបង្ករលក្ខណៈងាយស្រួល សម្រាប់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរចេញចូល ឆ្លងដែន ដោយសុវត្ថិភាព។
ជាការឆ្លើយតបលោកវរៈនាវីឯក ជីឡូត សុខអាឡាម បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។ លោកក៏បានកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់៕