(ស្វាយរៀង)៖ ខេត្តស្វាយរៀង និងមានព្រឹត្តិការណ៍ប្រណាំងទូកនៅទីតាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលមានទូកមកពីតាមខេត្តនានា ដើម្បីចូលរួមប្រគួតប្រជែងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាមួយគ្នានោះ ក៏មានការតាំងពិព័រណ៌ទំនិញពាណិជ្ជកម្មខ្មែរ-ថៃ ដែលមានទំនិញជាច្រើន រួមទាំងគ្រឿងម្ហូបអាហារជាច្រើនមុខលក់សម្រាប់ពលរដ្ឋហូបនៅក្នុងពិធីនេះផងដែរ។
ដើម្បីធានាសុវត្ថិភាព ម្ហូបអាហារ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំមន្ត្រីចុះពិនិត្យទំនិញ នៅក្នុងពិធីតាំងពិព័រណ៌ពាណិជ្ជកម្មថៃ។
បើមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ មានគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ លោកបានបន្តថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
ជាមួយគ្នានេះ មន្ត្រីជំនាញបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ និងធ្វើតេស្តទៅលើមុខទំនិញ ដែលគ្រឿងម្ហូបអាហារ ក្នុងនោះ ពុំបានរកឃើញសារធាតុគីមីនោះទេ។ មន្ត្រីជំនាញក៏បានណែនាំដល់អ្នកលក់ទាំងអស់ នៅក្នុងពិធីតាំងពិព័រណ៌ ត្រូវយកទំនិញដែលមានកាលបរិច្ឆេទ មុខទំនិញឲ្យបានត្រឹមត្រូវ ចៀសវាងលក់ទំនិញដែលផុតកំណត់ប្រើប្រាស់។
មន្ត្រីកាំកុត្រូលខេត្តស្វាយរៀង អំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់ បន្ថែមទៀត៕