(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណសាលាសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

វេទិកាសាធារណៈ ដែលមានប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ក្រុមការងារថ្នាក់ជាតិ អាជ្ញាធរក្រុង សង្កាត់អូរម៉ាល់ និងភាគីពាក់ព័ន្ធគ្រប់វិស័យក្នុងខេត្តបាត់ដំបង ចូលរួមនោះ បានលើកឡើងពីបញ្ហាមួយចំនួន ដែលពលរដ្ឋបានជួបប្រទះ។ ប្រជាពលរដ្ឋភាគច្រើន បានលើកឡើងបញ្ហាប្រហាក់ប្រហែលគ្នា មានបញ្ហាផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ប្រឡាយទឹកសម្រាប់ធ្វើស្រែ ការផ្ទេរកម្មសិទ្ធិដីធ្លី និងបញ្ហាដីធ្លីជាដើម។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងក្រុមការងារពាក់ព័ន្ធ បានឆ្លើយតបនូវរាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងច្បាស់លាស់ ដោយបានវាយតម្លៃពីគន្លឹះបញ្ហាទាំងឡាយ ដែលប្រជាពលរដ្ឋលើកឡើង។ វេទិកាបានដំណើរការប្រកបដោយស្មារតីយោគយល់ ស្មោះត្រង់ចំបញ្ហា ដែលជាតម្រូវការពិតប្រាកដរបស់មូលដ្ឋាន និងជាប្រយោជន៍សាធារណៈក្នុងសង្កាត់របស់ខ្លួន។

លោក ឡេង ប៉េងឡុង បានជំរុញឱ្យក្រុមការងារបន្តការចុះមូលដ្ឋានសង្កាត់អូរម៉ាល់ផ្ទាល់ ត្រូវនាំគ្នាចុះតាមភូមិ តាមផ្ទះ និងជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ នៅតាមផ្ទះតាមភូមិ ដើម្បីជួបស្វែងយល់បន្ថែមទៀត ក្រោយការធ្វើវេទិកានេះ និងដើម្បីរិះរកដំណោះស្រាយ បញ្ហាប្រឈមនានា ដែលនៅសេសសល់ ដើម្បីរួមគ្នារកដំណោះស្រាយក្នុងការឆ្លើយតបសមស្របជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា នេះជាលើកទី២ហើយ ដែលក្រុមការងារថ្នាក់ជាតិ រួមអាជ្ញាធរមូលដ្ឋាន បានបើកវេទិកាសាធារណៈ នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះ នារយៈពេលចុងក្រោយនេះ៕