(ត្បូងឃ្មុំ)៖ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបចំ «វេទិកាសាធារណៈ ជាមួយក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ» ដោយបានសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ៣៥០នាក់ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

វេទិកាសាធារណៈដែលរៀបចំ នាពេលនេះ គឺដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

នៅក្នុងឱកាសនោះលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយដ្ឋានបច្ចេកទេស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកណ្តោលជ្រុំ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា រាល់បញ្ហាដែលបងប្អូនប្រជាពលរដ្ខ បានលើកឡើងនាពេលនេះ ក្រុមការងារ នឹងទទួលយកមកសិក្សានឹងរកដំណោះស្រាយជូនទៅតាមលទ្ធភាព។

នៅក្នុងវេទិកាសាធារណៈនោះមានការចូលរួម ពី លោក លី សុភីលីន អភិបាលស្រុកពញាក្រែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរដែលនៅជុំវិញខេត្តត្បួងឃ្មុំជាច្រើននាក់ទៀតផងដែរ។

លោក តូច ចាន់នី បានបញ្ជាក់ថា រាល់បញ្ហាដែលត្រឹមជាកំរិតថ្នាក់ឃុំ យើងនឹងព្យាយាមដោះស្រាយជូន ឲ្យអស់ពីលទ្ធភាព ចំណែក បញ្ហាមួយចំនួនទៀត ដែលជាកំរិតថា្នក់ស្រុក ខេត្ត។ លោក តូច ចាន់នី បានបញ្ជាក់ថា លោកនឹងនាំយកបញ្ហាទាំងអស់នេះ ដាក់ជូនថ្នាក់លើពិនិត្យ និងដោះស្រាយជូនបន្ត។

ជាមួយគ្នានោះ លោកក៏បានសំណូពរដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ជួយរកដំណោះស្រាយ រាល់បញ្ហាដែលប្រជាពលរដ្ឋ ស្នើមកអង្គវេទិកា និងសូមផ្តល់ចម្លើយដល់គាត់ឱ្យបានឆាប់រហ័ស នៅពេលបន្តបន្ទាប់ទៀត។

បន្ថែមពីលើនោះក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងក្នុងនាមខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ក៏បាន ចែកកង់ដល់សិស្សក្រីក្រ ហើយក៏បាននាំយកថវិកាចំនួន ៦៦០០ដុល្លារសហរដ្ឋអាមេរិក ដែលជាបច្ច័យ របស់អង្គការ FRA តាមរយៈរដ្ឋមន្រ្តី វង សូត សម្រាប់កសាងឈាបនដ្ឋាននៅវត្តមង្គលនិវេសន៍ហៅវត្តកណ្តោលជ្រុំផងដែរ។

ថ្លែងបញ្ចប់នៅក្នុងកម្មវិធីនោះ លោក តូច ចាន់នី ក៏បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា ចូលរួមទទួលទានអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ហើយរួមគ្នាការពារនិងរក្សាសន្តិភាព នៅថ្ងៃទី៩ ខែវិច្ឆិកា នាពេលដ៏ខ្លីខាងមុខនេះ៕