(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សលាកប័ត្រឯកត្តជនជូនបេក្ខជនប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោកជំនាន់ទី១២ នាយទាហានបន្តវេនជំនាន់ទី១៣ និងងនាយ ទាហានបច្ចេកទេសយោធាសម្រាប់ឆ្នាំ២០២០ នៅមណ្ឌលសាកលវិទ្យាល័យការពារជាតិ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា សាកលវិទ្យាធិការសាកលវិទ្យាល័យ ក្រសួងការពារជាតិ ដែលបានអញ្ជើញជាអធិបតីក្នុងឱកាសនោះ បានថ្លែងនូវការគោរពថ្លែងអំណរគុណជូនចំពោះបេក្ខជន និងបងប្អូនជាអាណាព្យាបាល ជាឪពុកម្តាយដែលបានជំរុញកូនចៅដោយស្ម័គ្រចិត្ត មកចុះឈ្មោះប្រឡងចូលក្របខ័ណ្ឌនាយទាហានសម្រាប់ឆ្នាំ២០២០នេះ ដែលមានបេក្ខជនមកទទួលពាក្យរហូតដល់ ១០២៧៤នាក់ នៅទូទាំងប្រទេស ដោយឡែក មណ្ឌលសាកលវិទ្យាល័យការពារជាតិ ទទួលបេក្ខជនមកទទួលពាក្យចំនួន ៣២៧៤នាក់។

ទាំងនេះបានសរបញ្ជាក់ពីស្មារតី និងឆន្ទៈគាំទ្រដោយក្តីស្រឡាញ់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ដែលខុសផ្ទុយស្រឡះពីសម័យទសវត្សឆ្នាំ៧០ ក្នុងរបបលន់នល់ ដែលមានតែការចាប់ចង កេណ្ឌមកធ្វើជាទាហានដោយបង្ខំ។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានជម្រាបជូនបេក្ខជនអំពីសន្តិភាព លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍនៅកម្ពុជា។ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនិងការបែងចែកទឹកដីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តួចផ្តើម និងបានអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ!ឈ្នះ! នាំមកនូវសុខសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីយ៉ាងពេញលេញចាប់ពីចុងឆ្នាំ១៩៩៨ នាំមកនូវការ អភិវឌ្ឍរីកចំរើនដល់បច្ចុប្បន្ន។

ទោះបីប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ក៏ក្រុមប្រឆាំងជាឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្សី ជាមេក្លោងនៅតែប្រើប្រាស់គ្រប់ ឧបាយកលធ្វើសកម្មភាព ប្រឆាំងដោយបំពានមកលើរដ្ឋធម្មនុញ្ញ ទង្វើជាសកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការផ្តាស់ប្តូររបបនយោបាយនៅកម្ពុជា។

កត្តានេះហើយដែលកងយោធពលខេមភូមិន្ទ ក៏ដូចជា នាយទាហាន ពលទាហាន និស្សិត និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិបានត្រៀមខ្លួនជាស្រេចប្រឆាំងដាច់ខាតចលនាឧទ្ទាម ក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្សី និងបរិវារចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាតការពារជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតគឺសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕