(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានសម្រេចអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។

ចំណុចមួយក្នុងសេចក្ដីព្រាងនេះ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលនូវកម្រិតអប្បបរមា នៃប្រាក់បៀវត្សត្រូវជាប់ពន្ធ ដោយកំណត់ថា មន្ដ្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ យោធិន ក៏ដូចជាកម្មករ និយោជិត ដែលទទួលបានប្រាក់បៀវត្សចាប់ពី១,៣០០,០០០រៀលចុះ ត្រូវរួចផុតពីកាតព្វកិច្ចបង់ពន្ធ លើប្រាក់បៀវត្ស។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការកែសម្រួលនូវកម្រិតអប្បរមានៃប្រាក់បៀវត្ស ត្រូវជាប់ពន្ធនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្ត និងលើកកម្ពស់កម្រិតជីវភាពរបស់អ្នកទាំងអស់នោះ។

ក្រៅពីបានដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀល ដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួង-ស្ថាប័នអាចជ្រើសរើសមន្រ្តីមានសមត្ថភាព និងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ ដែលក្របខណ្ឌ និងគោលការណ៍នឹងត្រូវបានរៀបចំដាក់ឲ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២០។

លើសពីនេះថវិកាចំនួន៥០ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន៦ប៊ីលានរៀលដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន៦០ប៊ីលានរៀល សម្រាប់ការដំឡើងរបបសោធនប្រចាំខែទាបបំផុត ជូនដល់និវត្តជនដែលជាអតីតមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកទទួលបានសោធនទាប និងអ្នកទទួលបានសោធនខ្ពស់ និងរវាងនិវត្តជនថ្មី និងនិវត្តជនចាស់។

សូមជំរាបថា ពន្ធលើប្រាក់បៀវត្សគឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌ នៃការបំពេញសកម្មភាពបម្រើការងារ។

ចាប់ពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ប្រាក់បៀវត្ស១,២០០,០០១រៀល ដល់២,០០០,០០០រៀល ជាប់ពន្ធ៥ភាគរយ, ពី២,០០០,០០១រៀល ដល់៨,៥០០,០០០រៀល ជាប់ពន្ធ១០ភាគរយ, ពី៨,៥០០,០០១រៀល ដល់១២,៥០០,០០០រៀល ជាប់ពន្ធ១៥ភាគរយ និងលើសពី១២,៥០០,០០០រៀល ជាប់ពន្ធ២០ភាគរយ៕