(ភ្នំពេញ)៖ លោក ថាន់ ឡេង ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចដាក់ទោសបុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) អាយុ៥២ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៨ខែ ប៉ុន្តែអនុវត្តន៍ទោសត្រឹម ១២ថ្ងៃប៉ុណ្ណោះ ក្រោមបទចោទ លួចផលិតឱសថមិនត្រឹមត្រូវតាមមាត្រា៥៩ នៃច្បាប់ស្ដីពីស្តង់ដាកម្ពុជា និងបញ្ញត្តិមាត្រា១០ ច្បាប់ស្តីពីការគ្រប់គ្រងឧសថ ដែលការសម្រេចនេះ គឺចំថ្ងៃដែលត្រូវឱ្យជនបរទេសម្នាក់នេះ ត្រូវស្ថិតនៅក្រៅឃុំ។
សូមរំលឹកថា បុរសឥណ្ឌារូបនេះត្រូវបានកម្លាំងសមត្តកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ក្រោយធ្វើកាស្រាវជ្រាវ ដោយរកឃើញទីតាំងចំនួន ២កន្លែង កំពុងលួចលាក់ផលិតឱសថ មិនត្រឹមត្រូវតាមច្បាប់របស់កម្ពុជា។
ជនត្រូវចោទឈ្មោះ រ៉ូយ៉ា បាទិ មុនត្រូវចាប់ខ្លួនមានមុខរបរជាម្ចាស់សហគ្រាសផលិតឱសថ ទីតាំងស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងមួយទៀត ស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសខណ្ឌ កំបូលផ្លូវជាតិ លេខ៤។
ឆ្លើយទៅកាន់តុលាការជនសង្ស័យ ឈ្មោះ Goyal Kartik (រ៉ូយ៉ា បាទិក) នៅតែ អះអាងថា ឱសថដែលសហគ្រាសរបស់ខ្លួនផលិតនេះ គឺគោរពតាម លក្ខណៈបច្ចេកទេស ជាឱសថត្រឹមត្រូវតាមស្តង់ដា ហើយផ្ទុយពីការចោទប្រកាន់ទាំងស្រុង។
ដោយឡែក តំណាងអយ្យការបានសម្រេចរក្សារទុកការចោទដោយឥតកែប្រែ នឹងបានស្នើឱ្យចៅក្រមបន្តឃុំខ្លួនជនត្រូវចោទរូបនេះ ដើម្បីទុកពេលបើកការស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយតាមនីតិវិធី ព្រោះជនសង្ស័យជាជនបរទេស ប៉ុន្តែជនត្រូវចោទត្រូវបានដោះលែងនៅថ្ងៃនេះ៕