(តាកែវ)៖ សិស្សពូកែចំនួន ៤រូប នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានប្រឡងបាក់ឌុបជាប់និទ្ទេស A ត្រូវបានទទួលរង្វាន់លើកទឹកចិត្តជាម៉ូតូថ្មីស្រឡាងម្នាក់ ១គ្រឿងពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យតាមការសន្យា។

ការផ្តល់ម៉ូតូជូនសិស្សពូកែខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងវិទ្យាល័យ ភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពី អភិបាលស្រុកព្រៃកប្បាស អធិការស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។

សិស្សនិទ្ទេស A ដែលត្រូវទទួលរង្វាន់ម៉ូតូនៅពេលនេះរួមមាន៖

*ទី១៖ ឈ្មោះ រ៉ាវី សូរិយា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យ ភ្ញីមាស
*ទី២៖ ឈ្មោះ ស្រ៊ុន គឹមលៀង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ហេង សំរិន ព្រៃល្វា
*ទី៣៖ ឈ្មោះ ង៉ែត ស្រីកែវ ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ ហេង សំរិន ព្រៃល្វា
*ទី៤៖ ឈ្មោះ សូត្រ ស្រីនិត ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ហេង សំរិន ព្រៃល្វា។

លោក ហែម ដារិទ្ធិ បានឲ្យដឹងថា «ស្រុកព្រៃកប្បាយ គឺជាស្រុកកំណើតរបស់ខ្ញុំចំណែកវិទ្យាល័យ ភ្ញីមាស ដែលខ្ញុំធ្លាប់រៀននៅទៅនេះ ហើយខ្ញុំនឹងនៅតែបន្តផ្តល់រង្វាន់ជូនសិស្ស ដែលប្រឡងជាប់និទ្ទេស A បន្តទៀត ពិសេសប្អូនៗក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ប្អូនៗគឺជាទំពាំងស្នងឬស្សី ប្រទេសជាតិយើងមានសន្តិភាពគឺសម្តេតេជោ ហ៊ុន សែន បានពលីបូជាឈាមស្រស់សាច់ស្រស់ដាក់អាយុសង្ខារដើម្បីប្តូរបានសន្តិភាពពេញលេញរហូតថ្ងៃនេះ»៕