(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។ រាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងថវិកាជាតិនៅក្នុងឆ្នាំ២០១៨ ដោយទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០១៨ បានសម្រេចបញ្ចេញថវិកាប្រមាណ ២៤,៣៧៥,១០២លាន រៀល ( ប្រហែល ៦០៣៣លាន ដុល្លារ ) សម្រាប់ចំណាយក្នុងដំណើរការរបស់រដ្ឋ។ ថវិកា ចំណាយ នេះ គឺ ស្មើ ២៤,៥៩ ភាគរយ នៃ ផលិតផល ជាតិ សរុប (GDP)។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ថវិកាឆ្នាំ២០១៨ ជាថវិកាដែលត្រូវបារៀបចំឡើងតាមគោលនយោបាយចំណាយ (វិត្ថារកម្ម) ថវិកាដោយប្រយ័ត្នប្រយែងឆ្ពោះទៅរកការសម្រេចឱ្យបានជាអតិបរមា នូវគោលដៅសំខាន់ៗជាសារវ័ន្តនៃកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបន្តថា លទ្ធផលនៃការអនុត្តថវិកាឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសូចនាករសំខាន់ៗនៃម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ ជាអាទិ៍៖ កំណើនសេដ្ឋកិច្ចសម្រេចបាន ៧,៥% នៃ ផ.ស.ស. ធៀបនឹងការគ្រោងទុកក្នុងរង្វង់ ៦,៩%។ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗ សម្រេចបាន ១,៥៤៨ដុល្លារអាមេរិក អតិផរណាជាមធ្យមប្រចាំឆ្នាំ២០១៨ មាន២,៥% ធៀបនឹងការគ្រោងទុក គឺក្នុងវង្វង់ ៣,៥% អត្រាប្ដូរប្រាក់ជាមធ្យម ៤,០៤៥រៀល ក្នុង១ដុល្លារអាមេរិកធៀបនឹងការគ្រោង ៤,០៣៧រៀល។
ថវិកាឆ្នាំ២០១៨ បានឆ្លុះបញ្ជាំងពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺម៉ាត់ និងឥតងាករេរបស់រាជដ្ឋាភិបាលក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិភាព និងសណ្ដាប់ធ្នាប់សង្គម ការបន្តលើកស្ទួយកិត្យានុភាពកម្ពុជា ការការពារបាននូវអធិបតេយ្យជាតិ បរណភាពទឹកដី ការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ការបន្តរក្សាឲ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច និងការធានាបាននូវស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុធារណៈ ក្នុងគោលដៅពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ដែរថា ថវិកាឆ្នាំ២០១៨ គឺពិតជាដើរតួនាទីជាឧបករណ៍នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងបានបុកគ្រឹះសម្រាប់បម្រើឱ្យការអភិឌ្ឍរបស់របស់ក្រសួង ស្ថាប័ននានា ក្នុងការសម្រេសចបាននូវគោលបំណងគោលនយោបាយរបស់ខ្លួន ក៏ដូចជាគោនយោបាយជាទិភាពរួមរបស់រាជរដ្ឋាភិបាល។
«សរុបមកថវិកាឆ្នាំ២០១៨ ពិតជាសម្រេចបានតាមការប្រសិទ្ធនាមថាជា ថវិកាយុទ្ធសាស្ត្រនៃការពូនផ្ដុំកម្លាំង និងធនធានជាអតិបរមា ដើម្បីសម្រេចឲ្យខាងតែបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភានៅក្នុងសភាពការណ៍តំបន់ និងពិភពលោក ដែលកាន់តែមានសភាពស្មុគស្មាញ សំដៅបន្តរក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការទទ្រង់នូវដំណើរការវឌ្ឍន៍ឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឍប្រកបដោយគុយភាព និងចិរភាពតទៅមុខឥតឈប់ឈរក្នុងនីតិកាលបន្តបន្ទាប់ទៀត»។ លោក ផៃ ស៊ីផាន បញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា រកបានចំណូលបានជិត ៧ពាន់លានដុល្លារអាមេរិក ស្មើនឹង២៧,៩៦%នៃផលិតផលជាតិសរុប (ផ.ស.ស.) គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ១៤,៣%។
សេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១៨ នៅតែអាចសម្រេចបានកំណើនរឹងមាំក្នុងអត្រា៧,៥% ដែលគាំទ្រដោយកំណើនខ្ពស់លើសពីការប៉ាន់ស្មាននៃវិស័យកាត់ដេរ កំណើនរឹងមាំនៃវិស័យសំណង់ និងវិស័យអចលនទ្រព្យ ស្របនឹងកំណើនល្អប្រសើរនៃវិស័យលក់ដុំ លក់រាយ និងវិស័យដឹកជញ្ជូននិងទូរគមនាគមន៍។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ១,៤២៩ដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧ ដល់ ១,៥៤៨ដុល្លាអាមេរិកក្នុងឆ្នាំ២០១៨។
ទន្ទឹមនេះ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ បានថយចុះបន្តិចពី២,៩% ក្នុងឆ្នាំ២០១៧ មក ២,៥% ក្នុងឆ្នាំ២០១៨ ហើយអត្រាប្ដូរប្រាក់ជាមធ្យមប្រចាំឆ្នាំ អាចនៅរក្សាបានក្នុងកម្រិត ៤,០៤៥រៀល ក្នុងមួយដុល្លាអាមេរិក៕