(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះមានប្រមាណ២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្តីពី «សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ក្នុងចំណោមគម្រោងចំណាយថវិកាជាតិជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់កម្ពុជា សម្រាប់ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលមានទិសដៅជាយុទ្ធសាស្រ្ត កំណត់ចំណាយថវិកាថ្នាក់ជាតិឲ្យស្ថិតក្នុងកម្រិតចំនួន ៣១,០៩៥,៨៥៥លានរៀល ដែលស្មើនឹងប្រមាណជាង៧៦០០លានដុល្លារ ត្រូវជា២៦,១២% នៃផសស កើនឡើង២០,៧% បើធៀបនឹងច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៨,០៣៦,៨៨៤លានរៀល (ប្រមាណ៤៤៥៩លានដុល្លារ) និងចំណាយមូលធនថ្នាក់ជាតិ មានចំនួន ១៣,០៥៨,៩៧១លានរៀល (៣២០០លានដុល្លារ)។
សូមជំរាបថា នៅក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦លានរៀល ដែលប្រហាក់ប្រហែលនឹង ៦៧០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួនបានកើនឡើង១១.៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល។
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០»។ នេះបើតាមការប្រកាសរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំដោយគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែង និងវិភាជសម្រាប់អនុវត្តសកម្មភាពអាទិភាពដើម្បីឆ្លើយនឹងអាទិភាពគោល នយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា ជាពិសេសការអនុវត្តឱ្យចេញលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលដែលជា មាគ៌ារយៈពេលមធ្យមសំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា៕