(ភ្នំពេញ)៖ ដើម្បីចូលរួមក្នុងការជួយទប់ស្កាត់ការបំពុលបរិស្ថាន ដែលបានកើតចេញពីប្រព័ន្ធទឹកកខ្វក់ចេញពីម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនកំដៅនៅតាមអគារធំៗ ក្រុមហ៊ុន SD Synergy Cambodia ដែលជាក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាមួយ បាននាំចូលផ្តាច់មុខឧបករណ៍ Synergy ពីហុងកុងមកកម្ពុជា ដែលជាឧបករណ៍មានមុខងាយ៉ាងពិសេស ជួយក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់ បានយ៉ាងល្អ និងទទួលបានប្រសិទ្ធភាពខ្ពស់យ៉ាងពិតប្រាកដ។
ពិធីសម្ភោធការនាំចូលឧបករណ៍ Synergy របស់ក្រុមហ៊ុន SD Synergy Cambodia នេះ បានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីលោក ម៉េត សុខសាន្ត អគ្គនាយកនៃក្រុមហ៊ុន SD Synergy Cambodia និងដោយមានការចូលរួមពីម្ចាស់អគារ ធំៗជាច្រើននៅកម្ពុជាផងដែរ។
លោក ម៉េត សុខសាន្ត បានឱ្យដឹងថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនរបស់លោកបាននាំចូលឧបករណ៍នេះ មកកាន់ប្រទេសកម្ពុជា ពីព្រោះដោយសារតែសេដ្ឋកិច្ចកម្ពុជា កាន់តែមានកំណើន ហើយកំណើនអគារធំៗនៅកម្ពុជា ក៏កាន់តែច្រើនដែរ ដូច្នេះហើយគ្រប់អគារនោះត្រូវការដោះស្រាយប្រព័ន្ធទឹកដែលចេញពីអគារ ជាពិសេសប្រព័ន្ធទឹកចេញពីម៉ាស៊ីនត្រជាក់ ម៉ាស៊ីនកំដៅ ដែលទឹកទាំងនោះជាប្រភេទទឹកកខ្វក់។
លោក ម៉េត សុខសាន្ត បានបន្តថា ឧបករណ៍ Synergy វាបានជួយច្រើនដល់ម្ចាស់អគារ និងសង្គមជាតិទាំងមូល ជាក់ស្ដែងនៅពេលប្រព័ន្ធទឹកស្អាតនៅតាមម៉ាស៊ីនត្រជាក់នីមួយៗស្អាត វានឹងធ្វើឱ្យបរិស្ថាននៅជុំវិញអគារទាំងនោះនឹងស្អាតល្អដែរ ហើយម្ចាស់អគារក៏អាចកាត់បន្ថយនូវការចំណាយនានា ពីព្រោះថាបើសិនជាប្រព័ន្ធទឹកម៉ាស៊ីនត្រជាក់ស្អាត វានឹងធ្វើឱ្យដំណើរការនៃម៉ាស៊ីនត្រជាក់កាន់តែស្រួល ដែលវានឹងមិនស៊ីភ្លើងច្រើនដូចប្រព័ន្ធម៉ាស៊ីនត្រជាក់កខ្វក់នោះឡើយ។
លោកបន្តទៀតថា ឧបករណ៍ជំនួយនេះ វានឹងកាត់បន្ថយនូវការប្រើប្រាស់សារធាតុគីមី ដែលកន្លងមកភាគច្រើន គេប្រើសារធាតុគីមីដើម្បីឱ្យទឹកស្អាត ហើយការប្រើប្រាស់សារធាតុគីមីកាន់តែច្រើន វានឹងប៉ះពាល់ដល់សុខភាព និងបរិស្ថានដែលយើងរស់នៅផងដែរ តែសម្រាប់ឧបករណ៍ជំនួយនេះ គេបំពាក់វានៅតាមជញ្ជាំង ហើយវានឹងធ្វើការសម្អាតទឹកកខ្វក់នោះ ដែលចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់ និងកំដៅធំៗនៅតាមអគារបានយ៉ាងពិតប្រាកដ។
អគ្គនាយកនៃក្រុមហ៊ុន SD Synergy Cambodia បានបញ្ជាក់ទៀតថា បច្ចេកវិទ្យាថ្មីមួយនេះវាត្រូវបាននាំចូលផ្ដាច់មុខមកពីហុងកុង និងយកតាមរចនាបទដើម ចេញមកពីចក្រភពអង់គ្លេស។ ប្រព័ន្ធនៃបច្ចេកវិទ្យាជាន់ខ្ពស់ទំនើបនេះផងដែរ បានផ្តល់ឱ្យក្រុមហ៊ុន ការិយាល័យ និងអគារនានា នូវបច្ចេកវិទ្យាសម្អាតចរន្តទឹកវិលសម្រាប់ប្រព័ន្ធម៉ាស៊ីនដ៏ល្អបំផុតសម្រាប់ចរន្តទឹក ក្នុងការថែរក្សានឹងការពារ ដើម្បីធានានូវការប្រើប្រាស់ទទួលបាននូវថាមពលដ៏មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងជួយការពារបរិស្ថានដ៏មានតំលៃរបស់យើងផងដែរ។
គួរបញ្ជាក់ថា បច្ចេកវិទ្យានេះផងដែរត្រូវបានប្រើយ៉ាងទូលំទូលាយ នៅសហគមន៍អឺរ៉ុប ប្រទេសចិន ម៉ាកាវ និង ហុងកុងចាប់តាំងពី ឆ្នាំ២០០០ មកម្លេះ វាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចរន្តទឹកវិលរបស់ម៉ាស៊ីន និងជួយការពារទប់ទល់ទៅនឹងកត្តាបីយ៉ាង ដែលមានដូចជា ប្រឆាំងនិងការលូតលាស់ នៃអតិសុខុមប្រាណ ដែលជាផលប៉ះពាល់ទៅដល់ប្រព័ន្ធម៉ាស៊ីនរបស់អ្នក, ការពារច្រេះ, ការពារកុំឱ្យមានស្និម រឺកំនធាតុរឹងនៃរ៉ែផ្សេងៗ។ ទាំងអស់នេះបានចូលរួមចំនែក ក្នុងការសន្សំសំចៃថាមពលរហូតទៅដល់៣០% សំរាប់ក្រុមហ៊ុន ឫអគារ ។ ជាមួយនឹងជំនាញខាងប្រសិទ្ធភាពថាមពលចាប់តាំងពីឆ្នាំ២០១៥ ក្រុមហ៊ុន អេសឌី ស៊ីនើជី (ខេមបូឌា) នឹងជួយដល់អតិថិជនឱ្យទទួលបាននូវការសន្សំសំចៃថាមពល ក៏ដូចជាលើកកម្ពស់ផលិតភាព និងការពារបរិស្ថាន៕