(កោះកុង)៖ លោក យិ សុរីរុធ ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនតាមខេត្ត ប្រមូលព័ត៌មាន ស្តីពីស្ថានភាពផ្លូវខូចដូចជា ជង្ហុក សំបុកមាន់ និងប៉ោង ដើម្បីរាយការណ៍ជូនក្រសួង ដើម្បីជួសជុល និងជុសជុលឡើងវិញ ងាយស្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញបើក យុទ្ធនាការបណ្តុបណ្តាលស្តីពី បច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ក់ ទន់ ប្រធានស្តីទីសាធារណការ និងដឹកជញ្ជូនខេត្ត រួមនឹងមន្ត្រីក្រោមឱវាទយ៉ាងច្រើនផងដែរ។
លោកស្រី ម៉ក់ ទន់ បានថ្លែងថា ការបណ្តុះបណ្តាលនាថ្ងៃនេះ នឹងមានសារប្រយោជន៍ដល់មន្ត្រីពាក់ព័ន្ធលើវិធីសាស្រ្តជួសជុលផ្លូវឲ្យមានប្រសិទ្ធិភាព និងឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ តាមកម្មវិធីទូរស័ព្ទដៃ Roard Care Mobile App ដែលជាបច្ចេកវិទ្យាថ្មី សម្រាប់ប្រជាពលរដ្ឋរាយការណ៍ផ្លូវខូច ដល់អាជ្ញាធរដែលពាក់ព័ន្ធក្នុងកម្មវិធីថែទាំផ្លូវ និងជូយសម្របសម្រួលលើកការតាមដាន និងពិនិត្យលើករបាយការណ៍ នៃតំបន់នីមួយៗ ក្រោមអង្គភាពរបស់ខ្លួន ជាពិសេសការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈន័យការឆ្លើតតបលើរបាយការណ៍នីមួយៗ ដែលបង្ហាញពីភាព សាមគ្គីភាព រវាងប្រជាពលរដ្ឋ និងមន្តីរាជការដើម្បីភាពរីចម្រើន។
លោក យិន សុរិរុធ បានបន្តថា យុទ្ធនាការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីបច្ចេកទេសជួសជុលថែទាំផ្លូវថ្នល់ និងការថែទាំផ្លូវថ្នល់ និងការប្រើប្រាស់កម្មវិធីផ្លូវថ្នល់ Road Care Mobile App ក្នុងកម្មវិធីនេះ គឺសំដៅទៅលើការតាមដានប្រមូលព័ត៌មានស្តីពី ស្ថានភាពខូចខាតផ្លូវដូចជា៖ ជង្ហុក សំបុកមាន់ ស្រុតប៉ោងពីសាធារណជនទូទៅដែលបានចូលរួមរាយការណ៍មកក្រសួង និងអង្គភាពដែលពាក់ព័ន្ធក្នុងការងារអនុវត្តថែទាំផ្លូវមិនបានអនុវត្តន៍ទាន់ពេលវេលា។
លោកបានបញ្ជាក់បន្ថែមថា «ទាំងអស់នេះ គឺជាការចង់បានពីអ្នកប្រើប្រាស់ផ្លូវហើយ ក៏ជាការធ្វើកំណែទំរង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ក្នុងគោលបំណងជំរុញការងារ ថែទឹកលូ ថ្នល់ឱ្យមានគុណភាព មានប្រសិទ្ធភាព និងអនុវត្តន៍ឱ្យបានទាន់ពេលវេលា ក៏ដូចជា រក្សាស្ថានភាពផ្លូវថ្នល់ទាំងអស់ កុំឱ្យមានជង្ហុក សំបុកមាន់ ស្រុតប៉ោង នៅលើដងផ្លូវ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍សន្សំពេលវេលា ក្នុងការធ្វើដំណើរកាត់បន្ថយការធ្វើដំណើរ ការកាត់បន្ថយការចំណាយលើការជួសជុលយានយន្ត និងធ្វើឱ្យមានសុវត្ថិភាព ផាសុកភាព ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់។
លោកក៏សូមអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បើកបរឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរទាំងអស់គ្នា ដើម្បីសុវត្ថិភាពអ្នកទងអស់គ្នា ហើយជួយថែរក្សាអនាម័យ បរិស្ថាន នៅលើតាមដងផ្លូវ និងដឹកជញ្ជូនកុំឱ្យលើទម្ងន់ដើម្បីរក្សាផ្លូវសាធារណៈឱ្យយូរអង្វែង៕