(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការរើសអើងពីសំណាក់សង្គម ទៅលើជនមានពិការភាព ទាំងផ្នែកកាយសម្បទា និងហិរញ្ញវត្ថុ ត្រូវបានកាត់បន្ថយក្នុងកម្រិតខ្ពស់គួរឱ្យមានការកត់សម្គាល់។

លោកបានបន្ថែមថា ការបង់ប្រាក់ថ្លៃសេវា សុខភាពសម្រាប់ជនមានពិការភាព ក៏ត្រូវបានរដ្ឋទទួលបន្ទុកបង់ជំនួស និងព្យាបាលដោយការទទួលខុសត្រូវខ្ពស់ កុមារមានពិការភាពក៏ត្រូវបង្កនិងបង្កើន ឱកាសឱ្យចុះឈ្មោះចូលរៀន ហើយបានធ្វើបរិយាបន្នថ្នាក់អប់រំពិសេសដែលជាឱកាសសម្រាប់ជនមានពិការភាពឈានទៅបញ្ចប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា រួមទាំងទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈ និងមុខរបរផ្សេងៗ ដល់ជនមានពិការភាព នេះជាមូលហេតុធ្វើឱ្យជនមានពិការភាពអាចចិញ្ចឹមជីវិតខ្លួនឯងបាន។

លោក ឯម ច័ន្ទមករា បានបន្តឲ្យដឹងថា កត្តាទាំងនេះបាន នាំឱ្យជនមានពិការភាពមានលទ្ធភាពចូលរួមចំណែក ក្នុងការបង្កើនផលិតភាពក្នុងសេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ពីកត្តាសេដ្ឋកិច្ច ផងដែរ។

ការលើកឡើងរបស់លោក ឯម ច័ន្ទមករា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានធ្វើឡើងនៅក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី «ការផ្តល់សេវាយុត្តិធម៌ដោយគ្មានឧបសគ្គសម្រាប់ជនមានពិការភាព» ដែលរៀបចំដោយអង្គការជនពិការកម្ពុជា និងអង្គការសហប្រជាជាតិ រៀបចំ ឡើងនៅសណ្ខាគារកាំប៊ូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។

លោក ឯម ច័ន្ទមករា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ផ្តោតលើវិស័យយុត្តិធម៌សម្រាប់ជនមានពិការភាព ដែលខ្ញុំសូមចាត់ទុកថា ជាប្រធានបទដ៏មានសារៈសំខាន់មួយ ក្នុងចំណោមប្រធានសំខាន់ៗដទៃទៀតក្នុងវិស័យពិការភាព។ ការលើកកម្ពស់កិច្ចការពារ សេរីភាពនិងសន្តិសុខបុគ្គលរបស់ជនមានពិការភាព បានក្លាយទៅជាទិសដៅ ជាយុទ្ធសាស្ត្រអាទិភាពមួយ ដែលបានចែងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាលនឹងផ្តល់ការអនុម័ត នាពេលខាងមុខដ៏ខ្លីនេះ។ កំណែទម្រង់លើប្រព័ន្ធយុត្តិធម៌ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ពិសេសឆន្ទៈដោះស្រាយឱ្យមានប្រសិទ្ធភាព ក្នុងការពង្រឹងអភិបាលកិច្ចល្អក្នុងប្រព័ន្ធតុលាការ។

លោក ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងគោលបំណងធ្វើឱ្យគុណភាពជីវិតរបស់ជនមានពិការភាព និងស្ថានភាពគ្រួសាររបស់ជនមានពិការភាពមានភាពប្រសើរឡើង ដោយគោរព សេចក្តីថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ការថែទាំសុខុមាលភាព ពេញលេញ រួមទាំងការលើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ចាកផុតពីទារុណកម្ម រំលោភបំពាន កេងប្រវ័ញ្ចន៍ អំពើហិង្សា និងដំណោះស្រាយគ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាព ស្ត្រីមានពិការភាព កុមារមានពិការភាព និងជនមានពិការភាពគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនដើម្បីដោះស្រាយ នូវបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌សម្រាប់ជនមានពិការភាពដូចខាងក្រោម៖

*ទី១៖ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល របស់ជនមានពិការភាព តាមរយៈការផ្សព្វផ្សាយគោលនយោបាយ ច្បាប់ ផែនការជាតិ និងបទបញ្ជាផ្សេងៗពាក់ព័ន្ធនឹងពិការភាព
*ទី២៖ លើកកម្ពស់ការយល់ដឹងអំពីឥរិយាបថវិជ្ជមាន សេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ក្នុងចំណោមជនមានពិការភាពខ្លួនឯង គ្រួសារ និងសហគមន៍
*ទី៣៖ បង្កើនការយល់ដឹងអំពីច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងពិការភាព ដើម្បីការពារមិនឱ្យមានការដកហូតសេរីភាព សញ្ជាតិ ប្តូរសញ្ជាតិ និងការដើរហើររបស់ជនមានពិការភាពដោយខុសច្បាប់
*ទី៤៖ ផ្ដល់ការសម្របសម្រួលសមស្របដល់ជនមានពិការភាពក្នុងការធ្វើជាម្ចាស់លើអចលនទ្រព្យ ឬសន្តតិកម្ម ត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួនផ្សេងៗ
*ទី៥៖ បង្កើនការយល់ដឹងដល់អាណាព្យាបាលដែលសាច់ញាតិមានពិការភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីទទួលបានការចុះបញ្ជីអត្រានុកូលដ្ឋាននិងអត្តសញ្ញាណបណ្ណ
*ទី៦៖ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន និងសេវាផ្លូវច្បាប់ដែលជនមានពិការភាពត្រូវទទួលបាន ដើម្បីបង្ការរាល់ទម្រង់នៃការកេងប្រវ័ញ្ច រំលោភបំពាន ទារុណកម្ម និងជួញដូរ
*ទី៧៖ ពង្រឹងគុណភាពសេវាឆ្លើយតបតម្រូវការជនរងគ្រោះដែលមាន ពិការភាពទៅនឹងការគាំពារសុខភាព ផ្លូវកាយ ផ្លូវចិត្ត។

ជាមួយគ្នានោះលោក ឯម ច័ន្ទមករា ក៏បានថ្លែងអំណរគុណ ចំពោះអង្គការជនពិការកម្ពុជា និងបណ្តាលអង្គការដៃគូពាក់ព័ន្ធជាច្រើនទៀត ក្នុងវិស័យពិការភាព ដែលបានរួមគ្នាអនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលត្រូវបានបញ្ចប់ជាស្ថាពរប្រកបដោយជោគជ័យនាពេល កន្លងមក ដោយមានការទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈឈានទៅសម្រេចឱ្យខាងតែបាននូវ យុទ្ធសាស្ត្រទាំង១០ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។

ថ្លែងបញ្ចប់នៅក្នុងកម្មវិធីនោះ លោក ឯម ច័ន្ទមករា បានអំពាវនាវដល់បងប្អូនមានពិការភាពទាំងអស់ចូលរួមទទួលទានអំបុក ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ហើយរួមគ្នាការពារនិងរក្សាសន្តិភាពទាំងអស់គ្នា ក្នុងឱកាសជិតដល់ថ្ងៃ ព្រះរាជពិធីបុណ្យអ៊ុទូក សំពះព្រះខែ និងអកអំបុក ជាពិសេសនៅថ្ងៃទី៩ ខែវិច្ឆិកា នាពេលដ៏ខ្លីខាងមុខនេះ៕