(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងកូនចៅ ចៅទួតទាំងអស់របស់មហាឧបាសិកា ប៊ុន ស៊ាងលី បានមូលមតិគ្នាជាឯកច្ឆ័ន្ទនិមន្ត សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈចំនួន៧អង្គ សូត្រមន្តបុណ្យចម្រើនព្រះជន្មាយុ និងសង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់ ៩៥ឈានចូល ៩៦ឆ្នាំ។
នៅក្នុងពិធីតាមបែបសាសនានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូផ្កាភ្ញីទឹកអប់ប្រេងម្សៅ ថ្វាយព្រះពុទ្ធរូប និងប្រារព្វធ្វើបទនមសិកាព្រះរតនត្រ័យ ជាកិច្ចរំលឹកដល់គុណព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ពិសេសរំលឹកដល់គុណបុណ្យនៃព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម្មវិន័យដ៏វិសេសវិសាលបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ ដែលជាពុទ្ធសាសនិកជនគោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ន។
ក្នុងពិធីបុណ្យចម្រើនព្រះជន្មាយុ សង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់៩៥ឈានចូល៩៦ឆ្នាំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈទាំងប្រាំពីរអង្គ បានលើកឧទ្ទិសម្នុញផលដែលកើតឡើងពីទឹកចិត្តជ្រះថ្លា របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូនចៅទាំងអស់ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់៩៥ឈានចូល៩៦ឆ្នាំ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមវត្ថុស័ក្តិសិទ្ធទេវតាថែរក្សាក្នុងចក្រវាទទាំងមូល តាមជួយបីបាចើថែរក្សាការពារ មហាឧបាសិកា ប៊ុន ស៊ាងលី សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជារយឆ្នាំ ដើម្បីបន្តស្ថិតនៅជាម្លប់ ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតជ្រកកោណ ពិសេសបន្តស្ថិតនៅជាអគ្គពុទ្ធសាសនូបត្ថម្ភ ទ្រទ្រង់វិស័យព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ។
នៅក្នុងពិធីតាមបែបសាសនានោះដែរ បន្ទាប់ពីពិធីបញ្ចប់កិច្ច តាមបែបសាសនារួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងកូន ចៅ ចៅទួតទាំងអស់ បានរៀបចំនូវចង្ហាន់ គ្រឿងឧបភោគបរិភោគ ភេសជ្ជ: ផ្លែឈើ និងបច្ច័យមួយចំនួន ថ្វាយសម្តេចព្រះសង្ឃ សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះរាជាគណះទាំងប្រាំពីរអង្គ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លាបំផុត។
នៅក្នុងពិធីបុណ្យតាមបែបសាសនានោះដែរ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈទាំងប្រាំពីរអង្គ បាននិមន្តស្រោចសុគន្ធវារីជូនមហាឧបាសិកា ប៊ុន ស៊ាងលី ដើម្បីជាកិច្ចនៃការជំរះនូវបាបកម្មទាំងឡាយ និងនាំមកនូវសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ ចូលកើតមានដល់មហាឧបាសិកា ដែលត្រូវជាអ្នកម្តាយ ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ សណ្តោសប្រោសប្រណី ចិញ្ចឹមបីចាប់បុត្រធិតា ចាប់តាំងពីចេញពីផ្ទៃមាតារហូតដល់ធំដឹងក្តី បីបាច់ អប់រំ និងក្លាយជាមហាគ្រួសារដ៏ធំក្នុងសង្គម ដែលក្រាលជ្រងដោយសុខសន្តិភាព និងការអភិវឌ្ឍរីក ចម្រើននៃសម័យកាលដ៏រុងរឿងយើងនេះ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ កូន ចៅ ចៅទួត និងញាតមិត្តក្រុមគ្រូសារទាំងអស់ បានអញ្ជើញស្រោចសុគន្ធវារីជូនអ្នកម្តាយ ជីដូន ជីដូនទួត ប្រកប ដោយសេចក្តីគោរពកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុ៩៥ ឈានចូល៩៦ឆ្នាំ។
កូន ចៅ ចៅទួតទាំងអស់ បានសំដែងនូវសេចក្តីគោរពស្រឡាញ់រកពាក្យអ្វីមកប្រៀបផ្ទឹមពុំបាន និងសូមខុមាលទោសចំពោះអ្នកមានគុណដ៏វិសេសវិសាលបំផុតនេះ សូមមហាឧបា សិកា មានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជារយឆ្នាំ ដើម្បីបន្តស្ថិតនៅជាម្លប់ ដ៏ត្រជាក់ដល់កូនចៅចៅទួតទាំងអស់ ជ្រកកោណជាយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ដែរថា ក្នុងមួយជន្មាយុរបស់មហាឧបាសិកា ប៊ុន ស៊ាងលី មហាឧបាសិកាបានបូជានូវកម្លាំងកាយពល និងបញ្ញាញាណ ក្នុងការចិញ្ចឹមបីបាច់បុត្រធិតារបស់មហាឧបាសិកា ចាប់តាំងពីប្រសូត្រពីផ្ទៃរហូតធំដឹងក្តី មាន កេរ្តិ៍ឈ្មោះបោះសម្លេងក្នុងសង្គម និងក្លាយជាគ្រួសារដែលប្រជាពលរដ្ឋកម្ពុជាទូទៅគោរពស្រឡាញ់ និងជាគ្រួសារមួយដែលតែងតែមានព្រហ្មវិហាធម៌សណ្តោសប្រោះប្រណី ដល់មនុស្សផងទាំងពួង តាមរយះការវិកាយ និងកិច្ចការមនុស្សធម៌ធ្វើបុណ្យចែកទាន និងកសាងនូវសមិទ្ធផលសង្គមជាច្រើន រាប់មិនអស់ ចាប់តាំងពីទីក្រុងរហូតដល់ទីជនបទឆ្ងាយដាច់ស្រយាល ដោយមិនប្រកាន់នូវវណ្ណះ ពណ៌សប្បុរ និងនិន្នាការអ្វីទាំងអស់។
នៅក្នុងពិធីតាមបែបសាសនានោះដែរ មហាឧបាសិកា ប៊ុន ស៊ាងលី បានប្រារព្វពិធីដោះលែងសត្វចាបឲ្យមានសេរីភាព រួចផុតទុក្ខទោសផងទាំងពួង និងដើម្បីនាំមកនូវសេចក្តីសុខក្សេមក្សាន្ត ត្រជាក់ត្រជុំថ្កុំថ្កើន កើតមានដល់ក្រុមគ្រូសារទាំងមូលចាប់តាំង ពីពេលនេះតរៀងទៅ៕