(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាស៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រោមស្មារតីយុទ្ធនាការ «កម្ពុជាស្អាត» នាព្រឹកថ្ងៃទី២៥ ខែតុលានេះ ក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការ Let's Do It! World បានដើរប្រមូលសំរាមនៅតាមច្រាំងទន្លេ ក្បែរព្រះបរមរាជវាំង ក្នុងនោះសំរាមប្រមាណជិតកន្លះតោនត្រូវបានរើសចេញ។
យុទ្ធនាការនេះក៏មានការចូលរួម និងនិមន្តចូលរួមពីព្រះសង្ឃ អាជ្ញាធរខណ្ឌដូនពេញ និស្សិត យុវជន អាជីវករ និងប្រជាពលរដ្ឋជាច្រើននាក់ ដោយប្រមូលសំរាមបានប្រមាណ ៤០០គីឡូក្រាម ក្នុងនោះភាគច្រើនជាប្លាស្ទិក (ថង់ ប្រអប់ បំពងបឺត ដែកកេះ សំបកនំ ដបទឹក ដបភេសជ្ជៈ...)។
លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ភាពស្អាតនៅក្នុងទីក្រុង ជាពិសេសនៅតំបន់ទេសចរណ៍ និងដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
សូមជម្រាបថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រោមយុទ្ធនាការកម្ពុជាស្អាត ជាមួយអង្គការ Let's Do It! World សហការជាមួយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស.ស.យ.ក. វិស័យទេសចរណ៍ River Cleanup Belgium គ្រោងរៀបចំយុទ្ធនារ River Cleanup បន្តបន្ទាប់ទៀត ជាពិសេសចាប់ពីថ្ងៃទី៨-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមច្រាំងទន្លេមុខព្រះបរមរាជវាំង និងច្រាំងទន្លេត្រើយខាងកើត។
គណៈកម្មាធិការជាតិមួយនេះ ក៏បានអំពាវនាវដល់មហាជនទាំងអស់ដែលស្រឡាញ់ភាពស្អាត និងបៃតង សូមចូលរួមជាមួយយុទ្ធនាការ River Cleanup នេះទាំងអស់គ្នា ក្រោមទិសស្លោក «ចូលរួមទាំងអស់គ្នា ដើម្បីទន្លេស្អាត ទីក្រុងស្អាត កំណើនទេសចរ»៕