(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា មិនបានរើសអើងប្រកាន់ពីពូជសាសន៌ វណ្ណៈ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ហើយទីណាមានប្រជាពលរដ្ឋ ជួបការលំបាក ជួបរាល់ហានិភ័យកើតឡើងផ្សេងៗ ទីនោះគេសង្កេតឃើញថា តែងតែមានវត្តមាន ក្នុងការជួយសង្គ្រោះជានិច្ច របស់កាកបាទក្រហមកម្ពុជា ដែលស្ថិតក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
នេះបើតាមការលើកឡើងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត និងជនពិការ ចំនួន៣៥គ្រួសារ មកពីភូមិចំនួន៤ ស្ថិតក្នុងវត្តឧត្តារាវតី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។
ថ្លែងនាឱកាសនេះ លោក ជា ពិសី បញ្ជាក់ថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែជនងាយរងគ្រោះប៉ុណ្ណោះ បើទោះបីមិនមានចំនួនច្រើន ប៉ុន្តែអំណោយទាំងនេះ អាចជួយដោះស្រាយជីវភាពតាមគ្រួសារនិមួយៗបានមួយចំនួន។
លើសពីនេះ លោក ជា ពិសី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា មិនបានរើសអើងប្រកាន់ពូជសាសន៌ វណ្ណៈ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ហើយទីណាមានប្រជាពលរដ្ឋ ជួបការលំបាក ជួបរាល់ហានិភ័យកើតឡើងផ្សេងៗ ទីនោះគេសង្កេតឃើញថា តែងតែមានវត្តមាន ក្នុងការជួយសង្គ្រោះ របស់កាកបាទក្រហមកម្ពុជា ជានិច្ច ដែលស្ថិតក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕