ដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយសារការដ្ឋានរបស់បុរីភ្នំពេញថ្មី ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូប៉ះខ្សែភ្លើង
25-10-2019 14:10
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖២១នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F9) មូលហេតុដោយសារការដ្ឋានរបស់បុរីភ្នំពេញថ្មី ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ។
តំបន់ទាំងនោះ ស្ថិតនៅ ១៖ ភូមិត្រពាំងជ្រៃ ភូមិក្បាលដំរី ភូមិព្រៃសាលា សង្កាត់កាកាប, ២៖ ភូមិព្រៃទា ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ភូមិព្រៃព្រីងខាងជើង ភូមិកន្ទោក សង្កាត់ចោមចៅ៣, ៣៖ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម, ៤៖ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៥៖០០នាទីរសៀល។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕