(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រថ្មីចំនួនពីរ គឺយុទ្ធសាស្ត្រ «ស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥» និងយុទ្ធសាស្ត្រ «ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣»។
យុទ្ធសាស្រ្តទាំងពីរនេះ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានដាក់ឆ្លងកិច្ចពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាបន្តបន្ទាប់ ហើយចុងក្រោយ ត្រូវបានដាក់ឆ្លងការពិនិត្យ ពិភាក្សា និងយល់ព្រមនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការចំនួន២ ដោយឡែកពីគ្នា ដែលមានលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន គឺ៖ ១) គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ «យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩- ០២៥» និង ២) គណៈកម្មាធិការគ្រប់គ្រងបំណុលសាធារណៈសម្រាប់ «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា ក្នុងបរិការណ៍ថ្មីនៃសេដ្ឋកិច្ចកម្ពុជា ដែលកាន់តែរីកលូតលាស់ និងមានភាពស្មុគស្មាញជាងមុន រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តទាំងពីរនេះ សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអះអាងថា «យុទ្ធសាស្ត្រស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥» បានដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងវិធានការរយៈពេលមធ្យមមួយចំនួន សំដៅបង្កើតប្រព័ន្ធរួមមួយរបស់ជាតិ សម្រាប់ពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន គ្រប់កម្រិតរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, និងអង្គភាពសាធារណៈ ប្រហាក់ប្រហែលប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា។
ការវិនិយោគសាធារណៈ គឺជាចំណែកដ៏ធំសម្រាប់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ ដែលពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីទាក់ទាញការវិនិយោគសាធារណៈនេះ។ សម្តេចតេជោ បានលើកឡើងថា ការឈានទៅបង្កើតប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរួមមួយរបស់ជាតិ នឹងធ្វើឱ្យមានការប្រែប្រួលសមត្ថកិច្ច, ការទទួលខុសត្រូវ, និងរបៀបរបបបំពេញការងារមួយចំនួន ដែលចាំបាច់តម្រូវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវតែបុរេសកម្ម, សកម្ម, អន្តរសកម្ម និងម៉ឺងម៉ាត់ជាងមុន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងចីរភាពនៃការវិនិយោគសាធារណៈ។
ដើម្បីអនុវត្តន៍នូវយុទ្ធសាស្ត្រ «ស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥» ឱ្យទទួលបានជោគជ័យ ត្រូវអនុវត្តនូវអភិក្រម «ត្រូវធ្វើដោយ ប្រយ័ត្នប្រយែង, សន្សឹមៗ, ឈរលើគោលការណ៍ប្រាកដនិយម, ទន់ភ្លន់, និង រៀនផង-ធ្វើផង។
សម្រាប់ «យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣» វិញ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន១០ សម្រាប់អនុវត្តយុទ្ធសាស្ត្រនេះ បូកជាមួយគោលការណ៍គន្លឹះនៃការគ្រប់គ្រងបំណុលសាធារណៈរបស់សម្តេចចំនួន៤ទៀត រួមមាន៖ ១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២) ខ្លីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម និង៤) ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ថែមគោលការណ៍គន្លឹះទី៥មួយទៀត ដើម្បីបន្តពង្រឹងប្រសិទ្ធភាព ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ គឺ «ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ចសង្គម, បរិស្ថាន និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»។
ជាមួយការប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រទាំងពីរនេះ សម្តេចតេជោសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល នឹងបន្តចូលរួមសហការពេញលេញជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តរាល់វិធានការ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តទាំងពីរនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕