(ភ្នំពេញ)៖ កម្ពុជាបានស្នើទៅអាមេរិកឲ្យធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយស្តីពី ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋដែលបានប្រព្រឹត្តបទល្មើសខុសច្បាប់ នៅក្នុងទឹកដីអាមេរិក។ សំណើរបស់ភាគីកម្ពុជានៅពេលនេះ ក៏ដោយសារចង់ឃើញពលរដ្ឋខ្មែរ ដែលត្រូវបាននិរទេស ឬបណ្តេញចេញ ដោយសារប្រព្រឹត្តបទល្មើស មានឱកាសជួបជុំ និងសួរសុខទុក្ខសាច់ញាតិរបស់ខ្លួនវិញ ទាំងនៅកម្ពុជា និងអាមេរិក។
សំណើនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
លោក គុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនោះថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Patrick Murphy បានពិភាក្សាគ្នាអំពីកិច្ចសហ ប្រតិបត្តិការ រវាងកម្ពុជា និងអាមេរិក។ លោកថ្លែងថា ប្រមុខការទូតកម្ពុជា បានស្នើទៅអាមេរិកឲ្យធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការធ្វើមាតុភូមិនិវត្តន៍ ដើម្បីអនុញ្ញាតជនជាតិកម្ពុជា ដែលត្រូវបាននិរទេសអាចជួបជុំគ្រួសារពួកគេឡើងវិញ។
លោក គុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំថា MoU អាចត្រូវធ្វើវិសោធនកម្ម។ អញ្ចឹង អ្នកណាដែលត្រូវបាននិរទេស ដោយសារតែប្រព្រឹត្តខុសច្បាប់ អាចត្រូវបានអនុញ្ញាតឲ្យបានសួរសុខទុក្ខគ្រួសារពួកគេ នៅក្នុងសហរដ្ឋអាមរិក»។
បើតាមអ្នកនាំពាក្យលោក គុយ កួង, ឯកអគ្គរដ្ឋទូតអាមេរិក បានយល់ព្រមសំណើនេះ «លោក Patrick Murphy បានថ្លែងថា ភាគីទាំងពីរ (កម្ពុជា-អាមេរិក) នឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ»។
អ្នកនាំពាក្យក្រសួងការបរទេស បានគូសបញ្ជាក់ទៀតថា «យើងផ្តោតលើគោលការណ៍មនុស្សធម៌ ហើយយើងចង់អនុញ្ញាតដល់អ្នកដែលត្រូវបាននិរទេសមកកម្ពុជា មានឱកាសដើម្បីជួប និងសុខសួរទុក្ខសាច់ញាតិរបស់ពួកគេ នៅឯសហរដ្ឋអាមេរិក»។
កាលពីខែកក្កដា ពលរដ្ឋខ្មែរ-អាមេរិកកាំង ៣៧នាក់ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយចាកចេញពីទីក្រុងដាឡាស រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ គិតចាប់ពីឆ្នាំ២០០២ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិករួចមក ពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណ ៨០០នាក់ ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញហើយ រហូតមកដល់ឆ្នាំ២០១៩នេះ។ នេះបើតាមរបាយការណ៍ របស់អង្គការ Asian Americans Advancing Justice (AAJC)។
នាយកដ្ឋានអន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក បានបញ្ជាក់នាពេលនោះដែរថា ការបណ្ដេញចេញពលរដ្ឋកម្ពុជាបានកើនឡើង ២៧៩ភាគរយ នៅឆ្នាំ២០១៨ ប្រៀបធៀបទៅនឹងឆ្នាំ២០១៧។ ប៉ុន្តែមិនបានបញ្ជាក់អំពីតួលេខប៉ុន្មានភាគរយ ក្នុងឆ្នាំ២០១៧នោះទេ។
នាយកដ្ឋានដដែលក៏បានបញ្ជាក់ថា មានពលរដ្ឋខ្មែរប្រមាណ ១.៩០០នាក់ ដែលមានដីកាបណ្ដេញចេញ ហើយកំពុងរស់នៅសហរដ្ឋអាមេរិក។ ក្នុងចំនួននេះមានចំនួន ១.៤០០នាក់ គឺជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសរួចហើយ។
នៅក្នុងជំនួបកាលពីម្សិលមិញនេះដែរលោក Patrick Murphy បានប្រាប់ទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឲ្យដឹងថា រដ្ឋាភិបាលអាមេរិក គ្មានគោលនយោយបាយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយនោះទេ ហើយលោកមកធ្វើការនៅកម្ពុជា គឺដើម្បីគាំទ្រកម្ពុជា និងធ្វើជាដៃគូដ៏សំខាន់របស់កម្ពុជា។
លោក កុយ គួង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធទៅនឹងជំហររបស់សហរដ្ឋអាមេរិកវិញ លោក Patrick Murphy បានបញ្ជាក់ច្បាស់ណាស់ថា សហរដ្ឋអាមរិកគ្មានគោលនយោបាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ គឺជំហរសហរដ្ឋអាមេរិក ជាពិសេសមានរូបលោកជាតំណាង គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះ គឺជំហរសំខាន់ គឺដើម្បីគាំទ្រ ឬក៏ជាដៃគូដ៏សំខាន់របស់ប្រទេសកម្ពុជា»។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ លោក Patrick Murphy បានបង្ហាញក្តីសប្បាយរីករាយដោយមានកិត្តិយសដ៏ធំធេង បានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងព្រះបរមរាជវាំង ដើម្បីបង្ហាញខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ចំពោះព្រះភក្រ្តព្រះមហាក្សត្រ។ លោកថែមទាំងបាន បញ្ជាក់ពីជំហរចង់ជួបជាមួយសមាជិកនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ។
លោកបានសរសេរសារខ្លីនៅបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា៖ «បន្ទាប់ពីចូលគាល់បង្ហាញខ្លួនក្នុងនាមជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចំពោះព្រះភក្រ្តព្រះមហាក្សត្ររួចហើយ ខ្ញុំកំពុងរង់ចាំជួបជាមួយសមាជិកនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។
បន្ទាប់ពីលោក Patrick Murphy បានបង្ហាញពីបំណងចង់ជួបមន្រ្តីរាជរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពអាមេរិក-កម្ពុជា ក្រោយចូលគាល់ព្រះមហាក្សត្រនោះ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសារស្វាគមន៍ និងអបអរសាទរយ៉ាងខ្លាំង។ លោក ផៃ ស៉ីផាន ថែមទាំងថ្លែងទៀតថា អ្វីៗដែលមានសព្វថ្ងៃ ក៏មានចំណែកចូលរួមរបស់សហរដ្ឋអាមេរិកផងដែរ ហើយកម្ពុជាគឺជាប្អូនស្រីរបស់អាមេរិក៕