(ភ្នំពេញ)៖ ដើម្បីសម្រេចបានបុព្វហេតុ «ប្រែក្លាយចំណេះដឹងបរិស្ថានទៅជាការប្រតិបត្តិបរិស្ថានល្អ» ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានមនសិការបរិស្ថានគាំទ្រ និងចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព យើងត្រូវការបង្កើនការអប់រំ និងផ្សព្វផ្សាយពីចំណេះដឹង និងព័ត៌មានបរិស្ថាន ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់»។
នេះជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីភាព បើកសិក្ខាសាលាបូកសរុបការងារ ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា បានថ្លែងកត់សម្គាល់យ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថាន បានធ្វើការងារផ្សព្វផ្សាយអំពីបរិស្ថាននេះ ដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសដោយចុះផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ជាលទ្ធផល យើងសង្កេតឃើញថា ពលរដ្ឋ មានការយល់ដឹងកាន់តែច្រើនអំពីបរិស្ថាន មានការចូលរួមកាន់តែច្រើនក្នុងសម្អាតអនាម័យបរិស្ថាន និងមានការតាំងចិត្តខ្ពស់ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ជាការពិត យើងនៅមានបញ្ហាជា ច្រើនទៀតក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិនេះ ដែលត្រូវបន្តដោះស្រាយរួមគ្នា»។
លោកបានថ្លែងថា វិស័យជាអាទិភាព៤ រួមមាន៖ មនុស្ស ទឹក ភ្លើង និងផ្លូវ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកចិត្តទុកដាក់ខ្ពស់បំផុត។
នៅក្នុងស្មារតីនេះ ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន និងកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗអំពីបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹង សំដៅប្រែក្លាយចំណេះដឹង ទៅជាការប្រតិបត្តិបរិស្ថានល្អ ដូចដែលបានគូសបង្ហាញ នៅក្នុងគោលបំណងជាយុទ្ធសាស្ត្រទី៤ នៃយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ ២០១៦-២០២៣ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់ជួយដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើសមាហរណកម្មបញ្ហាបរិស្ថាន ទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព ការវិនិយោគទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រង និងអភិបាលកិច្ចក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រា បានបន្តថា គោលបំណងដ៏សំខាន់របស់ក្រសួងបរិស្ថាន ទី១៖ ការក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយ ដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នាប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ រឹងមាំ ពលរដ្ឋមានសមត្ថភាព និងបរិស្ថានរស់នៅល្អប្រសើរ។ ទី២៖ ដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែង របស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះធ្វើយ៉ាងណាឱ្យគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា ខណៈកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែបន្តកើនដែលធ្វើឱ្យកម្ពុជា ផ្លាស់ប្តូរឋានជាប្រទេសមានចំណូល មធ្យមកម្រិតទាប នៅពេលនេះ ហើយនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
រដ្ឋលេខាធិការរូបនេះ បានបន្ថែមទៀតថា ដោយមើលឃើញពីការវិវត្តន៍ទាំងអស់នេះ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានគិតគូររៀបចំយុទ្ធសាស្ត្រ និងសកម្មភាពក្នុងការកសាងនូវឯកសារ ព័ត៌មាន ទិន្នន័យ និងវេទិកាផ្សេងៗដែលអាចផ្សព្វផ្សាយ ចែករំលែកចំណេះដឹង តាមគ្រប់រូបភាព ជាពិសេសតាមប្រព័ន្ធឌីជីថល ដើម្បីជំរុញ ក៏ដូចជាបញ្ជ្រាបចំណេះដឹងបរិស្ថាន ឱ្យបានទូលំទូលាយដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន។
ច្បាស់ណាស់ថា ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងវិស័យបរិស្ថាន រួមមាន កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីវិស័យបរិស្ថាននិងធនធានធម្មជាតិ ដើម្បីកៀរគរ និងប្រមូលផ្តុំបាននូវកម្លាំងពីគ្រប់អ្នកពាក់ព័ន្ធ ព្រមទាំងកម្លាំងមហាជនពីគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និងអនុវត្តឱ្យបានសកម្ម៕