(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ពេលឲ្យ៥ឆ្នាំទៀត ក្នុងការតភ្ជាប់បណ្តាញអគ្គិសនី ដែលមានថ្លៃសមរម្យ និងតម្លៃដូចគ្នា ឲ្យបានគ្រប់ភូមិទាំងអស់ នៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចហើយ គឺផែនការជំរុញឲ្យគ្រប់ភូមិ មានបណ្តាញអគ្គិសនីប្រើប្រាស់។ ដោយការកែទម្រង់យ៉ាងស៉ីជម្រៅ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ភូមិចំនួន៩២ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស ចំនួន១៤.១៦៨ភូមិ ក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលអគ្គិសនី ដែលមានថ្លៃសមរម្យ ពីបណ្តាញជាតិរួចហើយ ដើម្បីជំរុញឲ្យគ្រប់ភូមិទាំងអស់ នៅក្នុងប្រទេសមានថ្លៃអគ្គិសនីដូចគ្នា»។
សម្តេចបានរំលឹកថា បញ្ហានេះសម្តេចបានសម្រេចរួចហើយ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ សម្តេចថ្លែងថា រាជរដ្ឋាភិបាល មិនបន្តដកហូតភាគលាភ ចេញពីប្រាក់ចំណេញ ពីការធ្វើអាជីវកម្មអគ្គិសនីកម្ពុជា ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយរក្សាទុកថវិកានេះ ជាការវិនិយោគបន្ថែមរបស់រដ្ឋ ជួយពង្រីកបណ្តាញអគ្គិសនីដល់គ្រប់កន្លែង ជាពិសេសតំបន់ ដែលប្រជាជន ប្រជាពលរដ្ឋមិនទាន់មានអគ្គិសនីផ្ទាល់ ពីបណ្តាញជាតិ។ ការសម្រេចបែបនេះ ក៏ដោយសារការមិនកាត់យកភាគលាភ ៥ឆ្នាំកន្លងទៅ បង្កើនទុនវិនិយោគឲ្យអគ្គិសនីកម្ពុជា មានលទ្ធភាពពង្រីកបណ្តាញអគ្គិសនីដល់ជនបទ ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា យើងបានយកអគ្គិសនីដើម្បីពង្រីកអគ្គិសនី ក្នុងរយៈពេលកន្លងទៅ ដោយយើងមិនបានយកប្រាក់ចំណេញ របស់អគ្គិសនីនេះ យកទៅដើម្បីបង់ចូលថវិកាជាតិទេ ប៉ុន្តែពន្ធអីផ្សេងៗមានការបង់។ ប៉ុន្តែប្រាក់ចំណេញ ដែលបានបង់នេះយើងបានវិនិយោគ មកដល់ពេលនេះគឺ៩២ភាគរយ នៃចំនួនភូមិហើយ ដែលអគ្គិសនីរបស់រដ្ឋបានទៅដល់។
«ខ្ញុំគិតថា៥ឆ្នាំទៀត អនុញ្ញាតឲ្យយកប្រាក់ ដែលត្រូវបង់ឲ្យរដ្ឋ យកប្រាក់នោះទៅវិនិយោគបណ្តាញអគ្គិសនី ជូនភ្ជាប់ទៅតាមបណ្តាភូមិដើម្បីឲ្យទូទាំងប្រទេសរបស់យើង មានប្រព័ន្ធអគ្គិសនី ដែលប្រើដោយស្មើតម្លៃប្រហាក់ប្រហែលគ្នា ព្រោះសព្វថ្ងៃនេះ នៅសល់៨ភាគរយទៀត ដែលអគ្គិសនីរបស់រដ្ឋមិនទាន់ទៅដល់ ប្រជាជនប្រើប្រាស់ថ្លៃណាស់»។ សម្តេចគូសបញ្ជាក់៕