(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាង៥អាណត្តិរបស់កម្ពុជា បានអះអាងជាថ្មីថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋាភិបាល រដ្ឋនៅតែមិនយកពន្ធលើដីស្រែចម្ការ លើប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការ និងប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។ សម្តេចតេជោបានបញ្ជាក់យ៉ាងមុតមាំថា «មានពីរចំណុចដែលគណបក្សប្រជាជនមិនកែប្រែ៖ ទី១. ដរាបណាគណបក្សប្រជាជននៅតែបន្តគ្រប់គ្រងរាជរដ្ឋាភិបាល គណបក្សនៅតែបន្តមិនយកពន្ធលើដីស្រែ ដីចម្ការ ដីកសិកម្មរបស់ប្រជាពលរដ្ឋ និងទី២. ពន្ធលើប្រាក់បៀវត្សអប្បបរមា»។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា ឥឡូវនេះរាជរដ្ឋាភិបាលដល់ពេលត្រូវកែសម្រួលពិដានប្រាក់បៀវត្សដែលត្រូវជាប់ពន្ធហើយ។ ចាប់តាំងពីនីតិកាលទី៥ នៃរដ្ឋសភាមក ការអនុវត្តគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ក៏ដូចជាកម្មករនិយោជិត ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាប្រចាំ ក្នុងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា។
ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែគិតគូរធានាធ្វើយ៉ាងណាឱ្យប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានដំឡើងនោះ ត្រូវតែរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ក្នុងស្មារតីជួយសម្រួលបន្ទុកសម្រាប់មន្ត្រីរាជការ ក៏ដូចជាកម្មករនិយោជិតមួយកម្រិតថែមទៀត។
ក្នុងការអនុវត្តជាក់ស្ដែង កម្រិតអប្បបរមានៃប្រាក់បៀវត្សដែលត្រូវជាប់ពន្ធ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ នៅក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំចំនួន៣លើករួចមកហើយ ក្នុងនោះលើកទី១ ចាប់ពី ៥០០,០០០រៀល ដល់ ៨០០,០០០រៀល នៅឆ្នាំ២០១៥, លើកទី២ ចាប់ពី ៨០០,០០០រៀល ដល់ ១,០០០,០០០រៀល នៅឆ្នាំ២០១៧ និងលើកទី៣ ចាប់ពី ១,០០០,០០០រៀល ដល់ ១,២០០,០០០រៀល នៅឆ្នាំ២០១៨ ។
ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រួលជីវភាពរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្ដីឬប្រពន្ធ រាជរដ្ឋាភិបាលក៏បានសម្រេចដំឡើងកម្រិតកាត់បន្ថយមូលដ្ឋានគិតពន្ធ លើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ កាលពីឆ្នាំ២០១៧ ក្នុងម្នាក់ចាប់ពី ៧៥,០០០រៀល ដល់ ១៥០,០០០រៀល ក្នុងមួយខែ កើនឡើង២ដង។ ការកែសម្រួលនេះនឹងកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សឱ្យកាន់តែតូច ឈានទៅដល់ការរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ការអនុគ្រោះពន្ធលើអត្ថប្រយោជន៍បន្ថែម និងមិនត្រូវគិតបញ្ចូលក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់ឧបត្ថម្ភនានា ដែលកម្មករនិយោជិតអាចទទួលបាន ដូចជា សោហ៊ុយធ្វើដំណើរ ប្រាក់ថ្លៃបាយ ប្រាក់ឧបត្ថម្ភទារក ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឱ្យធ្វើការ ប្រាក់រំឭកបំណាច់អតីតភាពការងារជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ ប្រាក់បៀវត្សអប្បបរមាសរុបសម្រាប់មន្ត្រីរាជការស៊ីវិល គ្រោងនឹងឡើងដល់ ១,១៧២,៥០០រៀល គ្រូបង្រៀន និងគ្រូពេទ្យ ១,២៧,២៥០០រៀល នគរបាលជាតិ និងពលបាលត្រី ១,២៥៦,៩៧៧រៀល យោធិនថ្នាក់ពលទោ ១,១៨១,៥០០រៀល។ កម្រិតប្រាក់បៀវត្សអប្បបរមានេះ នឹងឡើងដល់កម្រិតពិដានដែលត្រូវជាប់ពន្ធនៃប្រាក់បៀវត្ស តាមមាត្រា ៤៧ថ្មីពីរ នៃច្បាប់សារពើពន្ធ។
ហេតុដូច្នេះ រាជរដ្ឋាភិបាលមានការចាំបាច់ក្នុងការកែសម្រួលមាត្រា ៤៧ថ្មីពីរ ក្នុងគោលដៅដំឡើងប្រាក់បៀវត្សអប្បបរមាដែលត្រូវជាប់ពន្ធ ឱ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្សបន្តទៀត ដោយដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។
លើសពីនេះ ការយកចិត្តទុកដាក់ដល់មន្ត្រីរាជការ និងកម្មករនិយោជិត ដែលទទួលបានប្រាក់បៀវត្សអប្បបរមាឱ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ក៏នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា នាពេលក្រោយៗទៀត។
ដូច្នេះដើម្បីឱ្យការធ្វើវិសោធនកម្មជាបន្តបន្ទាប់មានភាពងាយស្រួល និងអាចបត់បែនបានតាមពេលវេលា ស្របតាមសភាពការណ៍អភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្ដេចបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំធ្វើសំណើវិសោធនកម្មត្រង់មាត្រ ៤៧ថ្មីពីរ នៃច្បាប់ស្ដីពីសារពើពន្ធនេះ ដោយមិនរំលេចនូវប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងអត្រាពន្ធតាមថ្នាក់ដូចមុនទៀតទេ គឺនៅក្នុងសេចក្ដីព្រាងមាត្រាថ្មី និងបើកផ្លូវទុកឱ្យរាជរដ្ឋាភិបាលកំណត់ប្រាក់បៀវត្សត្រូវជាប់ពន្ធ និងអត្រាពន្ធ ដោយកំណត់អនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលតាមការគ្រោងពិដាននៃពន្ធបៀវត្សអប្បបរមាជាប់ពន្ធនឹងត្រូវដំឡើងពី ១,២០០,០០០រៀល ដល់ ១,៣០០,០០០រៀល សម្រាប់ឆ្នាំ២០២០។
សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា «ក្នុងចំណុចនេះ ដោយសារតែកម្ពុជាត្រូវធ្វើវិសោធនកម្មស្ទើរតែរៀងរាល់ឆ្នាំ ដូច្នេះចាប់ពីពេលនេះទៅ យើងទុកបញ្ហានេះទៅក្នុងអនុក្រឹត្យវិញ ហើយអ្វីដែលជាការងាយស្រួល យើងយកពន្ធអប្បបរមាយកពន្ធប្រភេទណា ដោយសារយើងមានប្រភេទមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ នគរបាល កងទ័ព ក៏ប៉ុន្តែអ្វីដែលស្រួលជាងគេ គឺគួរយកពន្ធពីក្រុមដែលមានប្រាក់បៀវត្សខ្ពស់ជាងគេ គឺក្រុមគ្រូពេទ្យ និងក្រុមគ្រូបង្រៀនតែម្ដង ដើម្បីជាការងាយស្រួល បើយើងយកក្រុមមន្ត្រីរាជការ នគរបាល ដូច្នេះប្រាក់បៀវត្សទាបបំផុតរបស់គ្រូបង្រៀនក៏នឹងត្រូវជាប់ពន្ធដែរ»។
រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន នឹងមិនយកពន្ធលើប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ និងកម្មករនិយោជិត ដែលស្ថិតក្នុងកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមាជារៀងរហូត ជាមួយនឹងគោលនយោបាយមិនយកពន្ធលើដីកសិកម្ម របស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ដែលគណបក្សប្រជាជនបាននិងកំពុងអនុវត្តតាំងពីដើមរហូតដល់បច្ចុប្បន្ន ហើយនឹងបន្តអនុវត្តតទៅមុខទៀត ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋាភិបាល។
ដូច្នេះគ្រូបង្រៀនបានឡើងដល់ប្រហែល ៣០០ដុល្លារ រួចទៅហើយ ហើយបើទោះបីជាឡើងដល់ ១ពាន់ដុល្លារ ក៏ប្រាក់បៀវត្សនោះមិនទាន់ជាប់ត្រូវជាប់ពន្ធទេ និយាយរួម អ្នកដែលមានប្រាក់បៀវត្សទាបជាងគេ គឺមិនត្រូវជាប់ពន្ធទេ៕