(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរបំផុតចំពោះជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនោះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បង្ហាញនូវកម្រិតនៃការដំឡើងប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) ជូនមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន នៅឆ្នាំ២០២០។
ការបង្ហាញកម្រិតប្រាក់បៀវត្សអប្បបរមានេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៥ខែតុលានេះ។
កម្រិតប្រាក់បៀវត្សរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន នៅឆ្នាំ២០២០ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ជូនដូចខាងក្រោម៖
១៖ មន្ត្រីរាជការស៊ីវិល៖ ពីប្រមាណ១,១០០,១០០រៀល ឆ្នាំ២០១៩ ដល់ប្រមាណ១,១៤២,៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,១៧២,៥០០រៀល។
២៖ គ្រូបង្រៀន និងគ្រូពេទ្យ៖ ពីប្រមាណ១,២០០,១០០រៀល ឆ្នាំ២០១៩ ដល់ប្រមាណ១,២៤២,៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,២៧២,៥០០រៀល។
៣៖ នគរបាលជាតិ (ពលបាលត្រី)៖ ពីប្រមាណ១,១៨៤,៥៧៧រៀល (ដោយគិតបញ្ចូលរបបអង្ករ) ឆ្នាំ២០១៩ ដល់ប្រមាណ១,២២៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,២៥៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ)។
៤៖ យោធិន (ពលទោ)៖ ពីប្រមាណ១,០៥៥,៩០០រៀល ឆ្នាំ២០១៩ ដល់ប្រមាណ១,០៩៣,៥០០រៀល នៅខែមករា ឆ្នាំ២០២០ (មិនគិតបញ្ចូលរបបអង្ករ) ហើយចាប់ពីខែមេសា ឆ្នាំ២០២០ ឡើងដល់១,១២៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១,១៨១,៩៧៧រៀល។
* សម្រាប់ឆ្នាំ២០២០ ប្រាក់បំណាច់របស់មន្ត្រីជាប់កិច្ចសន្យានឹងត្រូវបានដំឡើងដល់ចំនួន ៦៧០,០០០រៀល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់តាំងពីនីតិកាលទី៥ នៃរដ្ឋសភា មកក្នុងការអនុវត្តន៍គោលនយោបាយ លើកកម្ពស់ជីវភាព រស់នៅរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ក៏ដូចជាកម្មករនិយោជិត រាជរដ្ឋាភិបាលបានខិតខំផ្តោតការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលតែគិតគូរ ឲ្យប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានដំឡើងនោះ ត្រូវតែរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ក្នុងស្មារតីសម្រួលបន្ទុកសម្រាប់មន្ត្រីរាជការ ក៏ដូចជាកម្មករនិយោជិតមួយកម្រិតថែមទៀត»។
ក្រៅពីដំឡើងប្រាក់បៀវត្សហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកែសម្រួលពីដានប្រាក់បៀវត្សអប្បបរមានេះ មិនឲ្យជាប់ពន្ធលើប្រាក់បៀវត្សនោះឡើយ ទាំងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមានប្រាក់បៀវត្សរ៍ចាប់ពី ១លាន៣សែនរៀលឡើងទៅទើបជាប់ពន្ធ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការដំឡើងប្រាប់បៀវត្សអប្បបរមាជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការលើកពន្ធប្រាក់បៀវត្សអប្បបរមា គឺត្រូវធ្វើឡើងនៅក្រោយៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យជីវភាពបងប្អូនកាន់តែប្រសើរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ៕