(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងឃុំថ្នាធ្នង់ បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមហូបអំបុកសន្ដិភាពជាតិ ក្រោមពាក្យស្លោកថា «អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ»។
ការថ្លែងផ្សព្វផ្សាយបែបនេះ ខណៈលោកអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅវត្តរំញង ភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ដោយមានការចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំថ្នាធ្នង់ និងសមាជិកក្រុមប្រឹក្សាឃុំថ្នាធ្នង់ និងមេភូមិទាំង ៧ភូមិ នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍ មន្ត្រី នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្នាធ្នង់ និងប្រជាពលរដ្ឋសរុប ១១១នាក់ ស្រី៤៤នាក់។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហា និងសំណូមពរមួយចំនួន ៣រួមមាន៖ ទី១៖ ការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់, ទី២៖ បញ្ហាផ្លូវខូចខាត ពិបាកការធ្វើដំណើរ និងទី៣៖ ការធ្វើអត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ ពេលបញ្ជូនត្រលប់មកវិញមិនគ្រប់ចំនួនជាដើម។
លោកបានបន្តថា ក្នុងនោះក្រុមការងារ និងក៏លោកផ្ទាល់បានបកស្រាយ និងដោះស្រាយបញ្ហាដែលបងប្អូនបានលើកឡើង និងបានផ្សព្វផ្សាយពីសកម្មភាពនយោបាយថ្មីៗ ជាពិសេសការដើរហួសបន្ទាត់ក្រហមរបស់ទណ្ឌិត សម រង្ស៊ី ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការប្រមាថមើលងាយអង្គព្រះមហាក្សត្រ។
លោកបានថ្លែងផ្សព្វផ្សាយដល់ឪពុកម្ដាយដែលមានកូនទៅរៀន ឫធ្វើការនៅក្រៅប្រទេស ជួយណែនាំកូនឲ្យខិតខំធ្វើការងារ គោរពច្បាប់ម៉ោងការងារនៅប្រទេសគេ និងកុំបាញ់ឧបាយកល ឈប់សំរាកពីការងារវិលត្រលប់មកចូលរួមនូវសកម្មភាពខុសច្បាប់ជាមួយក្រុមទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា នាពេលខាងមុខ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត និងថែរក្សាសន្តិភាពសន្តិសុខ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ៕