(ភ្នំពេញ)៖ លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាខណ្ឌទាំងអស់ ចូលរួមលើកដៃផ្តល់យោបល់ ដើម្បីបញ្ចេញមតិក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីផ្តល់ជាគំនិត និងការអភិវឌ្ឍន៍ ក្នុងខណ្ឌ កុំចាំតែមកស្តាប់ និងចាំតែលើកដៃនោះ។ មិនតែប៉ុណ្ណោះ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ថែមទាំងមានបំណងចង់ចូលរួមប្រជុំ ជាមួយគណៈបញ្ជាការឯកភាពខណ្ឌទៀតផង បើសិនមានការអនុញ្ញាត។
ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ព្រុំ សំខាន់ បានលើកឡើងទៀតថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាខណ្ឌទាំងអស់ ត្រូវពិនិត្យមើលរបាយការណ៍ ដើម្បីជួយកែសម្រួល កែលំអពិសេសជួយដល់គណៈអភិបាល ក្នុងការអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងការជួយដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ខណ្ឌចំការមន។ លោកបន្តថា សមាជិកក្រុមប្រឹក្សាស៊ីប្រាក់ខែរដ្ឋ មិនមែនមកអង្គុយចាំតែលើកដៃនោះទេ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានថ្លែងឯកភាព និងគាំទ្រ ដោយលោកបានថ្លែងថា មានតែអ្នកដែលមិនចូលរួមធ្វើទេ ទើបគ្មានកំហុស។ លោកអភិបាល ក៏បានជំរុញឲ្យមានការកែប្រែចំណុចអសកម្ម ភាពខ្វះខាតមួយចំនួនផងដែរ ដើម្បីកែប្រែឥរិយាបថ របស់មន្ត្រីជាឈ្នាន់នៃភាពជោគជ័យ ជាពិសេសឆ្លើយតបផងដែរ ទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ដោយមានរបៀបវារៈដូចខាងក្រោម៖
១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣។
២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្ម កែតម្រូវប្រចាំឆ្នាំ២០១៩។
៤៖ ពិនិត្យ និងអនុម័តការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។
និង៥៖ បញ្ហាផ្សេងៗ៕