(កណ្តាល)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានជំរុញដល់ក្រុមនគរបាលខេត្តកណ្ដាលទាំងអស់ ត្រូវខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ក្នុងទឹកដីខេត្តកណ្ដាល ដើម្បីធ្វើឲ្យមូលដ្ឋានមានសុខសុវត្ថិភាពរឹតតែល្អប្រសើរឡើង។
នាយឧត្តមសេនីយ៍ បានលើកឡើងបែបនេះ នៅក្នុងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិលោក-លោកស្រីជានាយ-នាយនគរបាលជាន់ខ្ពស់ចំនួន ៤០រូប នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញបន្ថែមដល់មន្ត្រីនគរបាលដែលទើបតែទទួលបានតំណែងថ្មីនេះ ត្រូវយកបេះដូងមកធ្វើការ ហើយប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តនូវកតព្វកិច្ច តួនាទីរៀងៗខ្លួនឲ្យបានល្អប្រសើរបំផុត ពិសេសត្រូវផ្ដល់សេវាសាធារណជូនប្រជាជនឲ្យបានល្អឥតខ្ចោះ ជៀសវាងពាក្យរិះគន់នានា។
លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ក៏បានលើកទឹកចិត្តមន្តហរីនគរបាលទាំងអស់ ត្រូវគោរពតាមពេលវេលា តួនាទី កាតព្វកិច្ច ក្នុងនាមជាមន្ត្រូនគរបាលយុត្តិធម៌ បំរើប្រជារាស្ត្រ រក្សាសន្តិសុខសង្គមឲ្យបានល្អបំផុត។
គួរជម្រាបថា ការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិមន្ត្រូទាំងចំនួន៤០រូបនេះ ក្នុងនោះ ថ្នាក់ស្នងការរង២រូប ,នាយការិយាល័យ២រូប ,នាយរងការិយាល័យ១៥រូប និងថ្នាក់អធិការរង១៩រូប ព្រមទាំងតម្លើងឋានន្ដរស័ក្ដិថ្នាក់វរសេនីយ៍ទោ៣រូប ,វរសេនីយ៍ត្រី៨រូប និងថ្នាក់អនុសេនីយ៍ឯក១រូប៕់