(ពោធិ៍សាត់)៖ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដែលបានការគាំទ្រដោយរដ្ឋបាលខេត្ត សហគមអឺរ៉ុប និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានរៀបចំមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត រយៈពេល ២ថ្ងៃ មានអ្នកចូលរួមជាង ២០០នាក់ ដើម្បីពិនិត្យ និងអនុម័តនូវរចនាសម្ព័ន្ធអភិបាលកិច្ចសមាគម និងប្រតិភូទៅចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិ។
ពិធីនេះបានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងលោក សំរឹទ្ធ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់។
លោក សយ កុសល និងលោក ម៉ៅ ធនិន បានថ្លែងក្នុងពិធីបើកមហាសន្និបាតនោះថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាត នៅថ្ងៃទី២១-២២ខែវិច្ឆិកាឆ្នាំ២០១៣ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព ការពារផលប្រយោជន៍ គុណប្រយោជន៍ ពង្រឹងនីតិរដ្ឋស្របច្បាប់ ជម្រុញលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈគណនេយ្យភាព តម្លាភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណនៅមូលដ្ឋាន ដែលក្នុងនោះខេត្តពោធិ៍សាត់ មានក្រុមប្រឹក្សាក្រុង ស្រុក ចំនួន១២១រូប និង ឃុំ សង្កាត់ មានចំនួន៣៤៣រូប។
ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សារៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង អំពីការអនុវត្តតួនាទី ភារកិច្ចនិងដាក់ចេញនូវផែនការ អភិវឌ្ឍស្ថាប័ន តាមរយៈការបូកសរុប និងឆ្លុះបញ្ចាំង លទ្ធផលការងារសម្រេចបានរយៈពេល៥ឆ្នាំ(២០១៤-២០១៩)។
ជាមួយគ្នានោះ អង្គសន្និបាត ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងសមាជិកពិនិត្យ ឆ្លុះបញ្ចាំង រៀនសូត្រពីគ្នា ទៅវិញទៅមក និងកំណត់បាននូវបញ្ហាប្រឈមនិងរកដំណោះស្រាយ។ ថ្នាក់ដឹកនាំទាំង២បានលើកឡើងថា សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាខេត្តពោធិ៍សាត់ទាំងអស់ ខិតខំបន្ត និងចូលរួមអនុវត្តគម្រោង លើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិ ដើម្បីធានានូវការពេញចិត្តរបស់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន ទាំងការងារគ្រប់គ្រង ដឹកនាំ បំពេញមុខងារ និងការទទួលខុសត្រូវ។
ក្នុងអាណត្តិទី៣នេះ សមាគមក្រុមប្រឹក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈកាន់តែរហ័ស និងកាន់តែគួរឲ្យទុកចិត្ត ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះមានកិច្ចសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុង ការចូលរួមជួយជ្រោមជ្រែងក៏ដូចជួយដោះស្រាយទុកកង្វល់នានារបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ កុមារកំព្រា និងក្រុមជនងាយរងគ្រោះ។ តាមរយៈមហាសន្និបាតនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមឲ្យសមាជិក សមាជិកាទាំងអស់ មេត្តាយកចិត្តទុកដាក់ស្តាប់ ពិភាក្សានិងអនុម័តលក្ខន្តិកៈ ព្រោះថាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន គឺជាដៃគូររបស់រាជរដ្ឋាភិបាល នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវសហមជ្ឈការនៅកម្ពុជា។
ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីអញ្ជើញបើកមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ និងថតរូបទុកជាអនុស្សាវរីយ៍រួចមក, លោក ម៉ៅ ធនិន បានបន្តជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរមួយចំនួន ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានជាច្រើនករណី នៅអគារបូរាណខេត្តផងដែរ៕