(ព្រះសីហនុ)៖ ដើម្បីជាការចូលរួមលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជួយសម្រួលសម្រាប់កិច្ចការ រដ្ឋបាលរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ អង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការ ខេមសេហ្វ បានសហការគ្នាជួយឧបត្ថម្ភគ្រែវេជ្ជសាស្ត្រចំនួន១៤៧ និងកុំព្យូទ័រ ៥គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងកិច្ចការរដ្ឋបាល។
ពិធីប្រគល់ទទួលនេះធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
និងលោក KOJI SASAKI ប្រធានអង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងលោក គង់ សុវណ្ណ ប្រធានស្ថាបនិកអង្គការ ខេមសេហ្វ។
លោក KOJI SASAKI បានលើកឡើងថា គ្រែវេជ្ជសាស្ត្រចំនួន១៤៧ និងកុំព្យូទ័រ ០៥គ្រឿង ដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ គឺដើម្បីឱ្យរដ្ឋបានខេត្តទុកប្រើប្រាស់សម្រាប់ សេវាសុខាភិបាល និងកុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាលរបស់ខេត្ត ដែលនេះជាសកម្មភាពក្នុងការចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ហើយនេះជាជំហានចាប់ផ្តើម ក្នុងកិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ ជាមួយអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជា វិស័យសុខាភិបាល ដែលបានខិតខំបំពេញការងារជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា។
លោក គួច ចំរើន ក៏បានថ្លែងអំណរគុណ ដល់អង្គការអន្តរជាតិ SID BY SIDE INTERNATIONAL ជប៉ុន និងអង្គការខេមសេហ្វ ដែលបានចែករំលែកគ្រែវេជ្ជសាស្ត្រ មកដល់មន្ទីរពេទ្យខេត្ត និងកុំព្យូទ័រ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលនេះជាសកម្មភាពមនុស្សធម៌មួយ ខណ:យើងកំពុងមានការខ្វះខាតគ្រែវេជ្ជសាស្ត្រ សម្រាប់ទទួលអ្នកជំងឺចូលមកសម្រាកព្យាបាល នៅតាមមន្ទីពេទ្យបង្អែករបស់រដ្ឋ ក៏ដូចជានៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តព្រះសីហនុ ហើយគ្រែវេជ្ជសាស្ត្រទាំងនេះ គឺពិតជាបានជួយសម្រួលទុកលំបាក ជួយដោះស្រាយ ជួយកាត់បន្ថយការលំបាកដល់អ្នកជំងឺ ក៏ដូចជាក្តីកង្វល់របស់ក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងការពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសគ្រប់ពូជសាសន៍ ដែលត្រូវការសេវាសុខាភិបាលចាំបាច់ មិនអាចខ្វះបាន។
សូមបញ្ជាក់ថា កន្លងមកក៏មានប្រជាពលរដ្ឋ សប្បុរសជន ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ បានឧបត្ថម្ភគ្រែចល័តយកមកផ្តល់ជូនមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ជាបន្តបន្ទាប់ ខណ:ពេលដែលមានអ្នកជំងឺចូលមកសម្រាកព្យាបាលមានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ៕