(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះ សម្តេចបានថ្លែងសារពិសេសជូនបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសំរាម, អគ្គីសនី ព្រមទាំងបញ្ហាមិនយកពន្ធលើដីស្រែចំការ និងប្រាក់បៀវត្សរ៍អប្បបរិមាផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាគណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែចម្ការ និងប្រាក់បៀវត្សរ៍អប្បបរិមា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិដាននៃពន្ធបៀវត្សរ៍អប្បបរិមានសម្រាប់ឆ្នាំ២០២០ គ្រោងដំឡើងពី១លាន ២សែនរៀល ដល់ ១លាន ៣សែនរៀល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជការដែលមានប្រាក់ឈ្នួលទាបជាងគេបង្អស់មិនត្រូវជាប់ពន្ធនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រី។ សម្តេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីទទួលសិទ្ធិនៅឆ្នាំ២០០២ ក្រុមហ៊ុនមិនទាន់បំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋឱ្យស្របតាមការរីកចម្រើនរបស់រដ្ឋនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដកសិទ្ធិគ្រប់គ្រងសំរាមពីក្រុមហ៊ុនស៊ិនទ្រីជារឿងចាំបាច់ ហើយត្រូវប្រញាប់ដាក់ចេញវិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរដ្ឋគ្រប់គ្រងមានស្ថិរភាពហើយ រដ្ឋនឹងជ្រើសរើសក្រុមហ៊ុនចំនួន៤ សម្រាប់ធ្វើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៤តំបន់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យដកតម្លៃសំរាមចេញពីវិក្ក័យបត្ររបស់អគ្គិសនីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
* សម្តេចតេជោ ហ៊ុន សែន ហៅការដកតម្លៃសំរាមចេញពីវិក្ក័យបត្រអគ្គិសនី ជាការវះកាត់ជំងឺរ៉ាំរ៉ៃមួយដែលគ្មានការដោះស្រាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តដែលមានភ្ជាប់ថ្លៃសំរាមជាមួយវិក្ក័យបត្រអគ្គិសនី ក៏ត្រូវដកចេញដូចគ្នានឹងរាជធានីភ្នំពេញដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល គិតគូរស្វែងរកការវិនិយោគបង្កើតរោងចក្រអគ្គិសនីដោយការដុតសំរាមនៅទីលានចាក់សំរាម។
* សម្តេចតេជោ ហ៊ុន សែន ហាមដាច់ខាតមិនឱ្យមានការនាំចូលសំរាមពីក្រៅប្រទេស ដើម្បីដំណើរការរោងចក្រអគ្គិសនីនេះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានទុកពេលឱ្យ ៥ឆ្នាំទៀតក្នុងការតភ្ជាប់បណ្តាញអគ្គិសនីឱ្យបានគ្រប់ៗភូមិ។
ក្រោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារប្រមាណ៣០នាទីរួចហើយ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានបន្តកិច្ចប្រជុំរបស់ខ្លួនជាបន្តទៀត៕