(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ធនាគារអភិវឌ្ឍន៍របស់ចិន (CDB) បន្តសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន ដែលកំពុងវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋរចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក កំពង់ផែ ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង និងការដឹកជញ្ជូនតាមផ្លូវទឹកជាដើម។

សំណើរបស់លោកទេសរដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីធនាគារអភិវឌ្ឍន៍ចិន ដឹកនាំដោយលោក Mei Shiwen នាយកចាត់ការទូទៅសាខាខេត្តក្វាងស៊ី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ លោក Mei Shiwen បានជម្រាបទេសរដ្ឋមន្ត្រី អំពីសមិទ្ធផលសម្រេចបាន គួរឱ្យសម្គាល់នៅក្នុងកិច្ចសហប្រតិបត្តិការរយៈពេលកន្លងមក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍ចិន ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍ចិន ដែលបានផ្តល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងគម្រោងដទៃទៀតនៅកម្ពុជាឱ្យដំណើរការបានដោយរលូន។

នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យធនាគារCDB ពិនិត្យលទ្ធភាពផ្តល់ការគំាទ្រផ្នែក ហិរញ្ញវត្ថុលើយុទ្ធនាការផ្សព្វផ្សាយសាធារណៈអំពីគ្រោះថ្នាក់ចរាចរណ៍ ការផ្សព្វផ្សាយតាមទូរទស្សន៍ពី ផលលំបាកនិងការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាពចរាចរណ៍ និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ចិន គឺជាធនាគារឯកជនរបស់រដ្ឋក្រោមការដឹកនាំផ្ទាល់ពីក្រុមប្រឹក្សារដ្ឋចិន។ បច្ចុប្បន្នធនាគារ CDB បានផ្តល់ហិរញ្ញប្បទានដល់គម្រោងធំៗចំនួនពីរនៅកម្ពុជា គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងព្រលានយន្តហោះសៀមរាបថ្មី។

លើសពីនេះទៀត CDB បានចាប់អារម្មណ៍ក្នុងការវិនិយោគលើអាកាសយានដ្ឋានភ្នំពេញថ្មី និងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែក្រុងព្រះសីហនុផងដែរ៕