(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យជប៉ុនវិនិយោគលើការកែច្នៃម្ហូបអាហារ កសិផល និងបន្លែផ្លែឈើ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងជាបន្តបន្ទាប់។ ក្នុងនោះនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកើនឡើងដល់ ១.៦ពាន់លានដុល្លារអាមេរិក កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយទំហំពាណិជ្ជកម្មប្រទេសទាំងពីរអាចកើនដល់ ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។

លោករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីការរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រសើររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយរក្សាកំណើនសេដ្ឋកិច្ចប្រមាណ ៧.២ ក្នុងរយ:ពេលជាងពីរទសវត្សរ៍មកនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុនជាច្រើនបាននឹងកំពុងពង្រីកអាជីវកម្មនៅកម្ពុជា និងបានផលិតផលិតផលមួយចំនួននាំទៅប្រទេសថៃ តាមកម្មវិធីថៃបូកមួយ។ ជាមួយគ្នានេះ ផ្សារទំនើបអ៉ីអនទីបី នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ ដែលជាការបង្ហាញឱ្យឃើញពីការវិវឌ្ឍយ៉ាងល្អប្រសើរលើទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បើទោះបីជាយ៉ាងណា លោក ប៉ាន សូរស័ក្តិ បានឯកអគ្គរាជទូតជប៉ុន បន្តជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជា ជាពិសេសយកចិត្តទុកដាក់ទៅលើការកែច្នៃម្ហូបអាហារ កសិផល បន្លែផ្លែឈើ និងជួយផ្តល់ជំនួយបច្ចេកទេស សម្ភារ:បរិក្ខា និងការបណ្តុះបណ្តាលដល់មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងថា វិនិយោគិន និងក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងជួយឱ្យប្រជាជនប្រទេសទាំងពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ។ លោកឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា កត្តាស្ថេរភាពនយោបាយបានជាបុព្វហេតុដ៏សំខាន់មួយនាំឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧.២%។

លោកឯកអគ្គរាជទូតជប៉ុន បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក៏បានបង្ហាញការគាំទ្រដល់ទស្សនៈទាំងឡាយរបស់លោករដ្ឋមន្ត្រី ដោយលោកឯកអគ្គរាជទូតបានមើលឃើញថា អ្វីដែលរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានលើកឡើងខាងលើ ជាកត្តាសំខាន់ក្នុងការជួយបង្កើនការនាំចេញរបស់កម្ពុជា និងជាកិច្ចការដែលត្រូវសហការគ្នានាពេលខាងមុខ។

សូមបញ្ជាក់ថា នៅក្នុងជំនួបខាងលើនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា និងស្វាគមន៍ចំពោះការគ្រងរាជប័ល្លង្ករបស់ព្រះចៅអធិរាជ Naruhito ព្រមទាំងចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិត និងការខូចខាត ដោយសារព្យុះកំណាចទីហ្វុង Hagibis នៅក្នុងប្រទេសជប៉ុនកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានសម្តែងអំណរគុណរាល់ការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោករដ្ឋមន្ត្រី។ លោកឯកអគ្គរាជទូត ក៏បានអរគុណចំពោះការចូលរួមរំលែកទុក្ខរបស់លោករដ្ឋមន្ត្រីសម្រាប់គ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសជប៉ុនផងដែរ៕