(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ ដឹកនាំក្រុមការងារចុះជួបជាមួយប្រជាពលរដ្ឋចំនួន០៣សង្កាត់ គឺសង្កាត់ព្រែកកំពឹស សង្កាត់រលួស និងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ពិធីដែលបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ គឺដើម្បីរៀបចំបើកវេទិកាសាធារណៈ ដើម្បីស្តាប់ និងទទួលដោះស្រាយនូវតម្រូវការចាំបាច់ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ និងសំណូមពរជាច្រើន ដាក់ជូនដល់ក្រុមការងារ ហើយក្រុមការងារដែលមានទាំងអាជ្ញាធរ និងមន្ត្រីជំនាញ ក៏បានពន្យល់បកស្រាយ និងទទួលដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានយល់ច្បាស់ ហើយពេញចិត្ត និងសប្បាយរីករាយគ្រប់ៗគ្នា។

បន្ថែមពីនេះ លោក រ័ត្ន ស៊្រាង ក៏បានជម្រាប និងពន្យល់ដល់ប្រជាពលរដ្ឋ ក្នុងអង្គវេទិកាសាធារណៈឲ្យបានយល់ជ្រួតជ្រាប ពីសភាពការណ៍ថ្មីៗ តាមខ្លឹមសារឯកសារ ជំនួយស្មារតីសម្រាប់ការងារសាធារណៈមតិ សម្ដៅពង្រឹងសតិអារម្មណ៍ប្រជាពលរដ្ឋ កុំឲ្យលង់ខ្លួនជឿតាមឧបាយកលដ៏ពិសពុល របស់ក្រុមប្រឆាំង ហើយចូលរួមគាំទ្រក្នុងការថែរក្សាការពារ សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គមជាតិ ក្រោមម្លប់សន្តិភាព សម្តេចតេជោនៃយើងទាំងអស់គ្នា៕