(អូសាកា)៖ តបតាមការអញ្ជើញរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) និងសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន (Japan Association of Travel Agents- JATA) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជាវាគ្មិនកិត្តិយស ជាមួយវាគ្មិនថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ ចំនួន២៣រូបផ្សេងទៀត ជារដ្ឋមន្រ្តីប្រធានស្ថាប័នអង្គការទេសចរណ៍អន្តរជាតិនានា នៅក្នុងវេទិកាតុមូលក្រោមប្រធានបទ «វប្បធម៌ និងប្រជាពលរដ្ឋ» រៀបចំដោយអង្គការទេសចរណ៍ពិភពលោក ដោយមានប្រទេសចូលរួមចំនួនជាង១០០ប្រទេស នាឱកាសនៃការតាំងពិព័ណ៍ទេសចរណ៍ពិភពលោក-ជប៉ុន នៅទីក្រុងអូសាកាប្រទេសជប៉ុន។
ក្នុងបទអន្តរាគមន៍នៃវេទិកាតុមូល លោករដ្ឋមន្ត្រីបានលើកអំពីការអភិវឌ្ឍ និងភាពរីកចម្រើននៃវិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីទទួលបានសុខសន្តិភាពបរិបូណ៍ ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការអភិវឌ្ឍនៃវិស័យសហគមន៍ទេសចរណ៍នៅកម្ពុជា ដែលជាផ្នែកមួយចូលរួមជំរុញការអភិវឌ្ឍអេកូទេសចរណ៍កម្ពុជា រួមចំណែកក្នុងការលើកកំពស់កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
លោករដ្ឋមន្ត្រី គូសរំលេចជាសំខាន់លើភាពជោគជ័យនៃការអនុវត្តគំរូអភិវឌ្ឍសហគមន៍ទេសចរណ៍ តាមទម្រង់ភាពជាដៃគូរ រដ្ឋ ឯកជន និងប្រជាជន (4Ps : Public Private People Partnership) ដោយលើកទឹកចិត្តការវិនិយោគខ្នាតតូច មធ្យម និងធំ ទាំងឡាយណាដែលតម្រូវឲ្យមានការចូលរួមពីប្រជាជនមូលដ្ឋាន ផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ (Local People Empowerment) ផ្ដល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវ ស្របតាមទស្សនទាន ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស និងស្របតាមគោលការណ៍នៃការបែងចែក ផលប្រយោជន៍ប្រកបដោយសមធម៌ (Equitable Profit - Sharing Model)។
ស្របតាមនិន្នាការណ៍ពិភពលោក វិស័យទេសចរណ៍ត្រូវយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍របស់អង្កការសហប្រជាជាតិទាំង ១៧ ឆ្នាំ២០៣០។ ក្នុងន័យនេះលោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរណ៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការដាក់ចុះនូវគោលនយោបាយជាតិស្ដីពីអេកូទេសចរណ៍ ២០១៩-២០៣០ គោលនយោបាយជាតិអភិវឌ្ឍទេសចរណ៍ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស ២០១៧-២០២៥ និងផែនការសកម្មភាពផ្សេងៗទៀត សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ឲ្យកាន់តែសកម្មថែមទៀត ចូលរួមដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ចូលរួមការពារនិងអភិរក្សបរិស្ថាន បង្កើតការងារនៅមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុកជាដើម។
ជាយន្តការជាតិ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ឲ្យកាន់តែសកម្មថែមទៀត រាជរដ្ឋាភិបាលបានបង្កើតគណកម្មការអន្តរក្រសួងដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មានរដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាអនុប្រធាន ព្រមទាំងសមាជិកមកពីស្ថាប័នរដ្ឋ-ឯកជននានា។
សូមរំលឹកថា បច្ចុប្បន្នកម្ពុជាមានសហគមន៍សរុបប្រមាណជាង ២,៣០០កន្លែង ដែលចំណុះក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះសហគមន៍ដែលកំពុងមានសកម្មភាពទេសចរណ៍មានចំនួន១២៥កន្លែង។ បច្ចុប្បន្នក្រុមការងារកំពុងសិក្សាស្រាវជ្រាវ ហ្មតចត់ ដើម្បីកំណត់សហគមន៍ទាំងឡាយណា ដែលអាចបញ្ចូលសកម្មភាពទេសចរណ៍នាំមកប្រាក់ចំណូលបន្ថែមដល់សហគមន៍។
ក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀត លោករដ្ឋមន្ត្រី ថោង ខុន បានជួបទ្វេភាគីជាមួយ លោក ម៉ូហាម៉ាឌីន កេតាពិ (Mohammadin Ketapi) រដ្ឋមន្ត្រីក្រសួងវប្បធម៌ សិល្បៈ និងទេសចរណ៍ម៉ាឡេស៊ី ដើម្បីពិភាក្សាលើការអនុវត្តអនុស្សរណយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខា នាអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោក មហាធា មហាម៉ាត់ (Mahathir Bin Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចសហការមួយចំនួនស្របតាមស្មារតីនៃអនុស្សរណ ដោយបានឯកភាពបង្កើតក្រុមការងារទទួលបន្ទុកការអនុវត្តអនុស្សរណៈនេះ។
នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី ក៏បានជួបលោក ម៉ាសាតាកា ហ្វ៊ូជិតា (Masataka Fujita) ប្រធានមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ហើយភាគីទាំងពីរបានឯកភាពលើកិច្ចសហការនាឆ្នាំខាងមុខ ជាពិសេសភាគីមជ្ឈមណ្ឌលអាស៊ានជប៉ុន បានឯកភាពជួយកម្ពុជាលើផ្នែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជួយផ្សព្វផ្សាយបន្ថែមទេសចរណ៍កម្ពុជាដល់ទីផ្សារជប៉ុន និងចូលរួមចែករំលែកបទពិសោធន៍នានាស្ដីពីការជំរុញការវិនិយោគលើវិស័យទេសចរណ៍ជាដើម៕