(ព្រះសីហនុ)៖ សាខាកាំកុងត្រូលខេត្តព្រះសីហនុដឹកនាំដោយលោក ជា ប៉ិច អនុប្រធានសាខា បានសហការជាមួយលោក ទឹម វាសនា តំណាងឲ្យសាលាខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរផែនដី ចុះត្រួតពិនិត្យមុខទំញម្ហូបអាហារ បន្លែគ្រឿងសមុទ្រ ជ្រក់គ្រប់ប្រភេទ ត្រីងៀត ភេសជ្ជៈជាច្រើនមុខ ដែលដាក់តាំងលក់នៅផ្សារពាណិជ្ជកម្ម ផ្សារទំនើបជនជាតិចិន ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។
លោក ជា ប៉ិច បានឲ្យដឹងថា សម្រាប់យុទ្ធនាការនាព្រឹកមិញនេះ ក្រុមការងារពុំបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ឬមានផ្ទុកសាធាតុគីមីមួយមុខណាឡើយ។
ការចុះត្រួតពិនិត្យដោយមន្រ្តីរបស់លោក ដែលបានពិនិត្យទៅលើមុខទំនិញជាច្រើនប្រភេទ តាមបណ្តាផ្សារលក់ម្ហូបអាហារប្រចាំថ្ងៃ ក្នុងផ្សារពាណិជ្ជកម្ម ផ្សារទំនើបជនជាតិ ដោយក្រុមការងារបានពិនិត្យ និងធ្វើតេសទៅលើម្ហូប ចំណីអាហារ គ្រឿងសមុទ្រ បន្លែដូចជា៖ បង្គា ម៉ឹក ត្រីងៀត សណ្ដែកបណ្ដុះ តៅហ៊ូ ខ្ញីហាន់ និងស្ពៃជ្រក់ ជ្រក់សណ្ដែក ជ្រក់មមាញជាមួយ គ្រឿងកំប៉ុងជាច្រើនមុខទៀត ដោយរកពំឃើញមានសារធាតុគីមី ឬហួសកាលបរិច្ឆេទនោះទេ។
លោកអនុប្រធាន បានបន្ដទៀតថា ការធ្វើតេស្តដោយរកមិនឃើញមុខទំនិញ ដែលហួសការបរិច្ឆេទ និងមុខទំនិញ បន្លែ ម្ហូបអាហារ ដែលគ្មានសារធាតុគីមី ដោយសារនៅខេត្តព្រះសីហនុ ត្រូវបានមន្រ្តីជំនាញ បានចុះពិនិត្យជាញឹកញាប់ ហើយប្រជាពលរដ្ឋ ក៏ដូចអាជីវករមានការយល់ដឹងច្រើន ដូច្នេះពួកគាត់មិនយកទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ យកមកតាំងលក់នោះទេ។
សូមបញ្ជាក់ផងដែរ មន្ត្រីជំនាញរបស់លោកក៏បានចុះត្រួតពិនិត្យទៅលើតម្លៃប្រេងសាំង តាមស្ថានីយពីរកន្លែង។ ទីមួយ៖ ស្ថានីយប្រេងឥន្ធនៈ CALTEX និងទី២៖ ស្ថានីយប្រេងឥន្ធនៈTOTAL គឺមានលក្ខណៈត្រឹមត្រូវ តាមតារាងថ្លៃលក់ប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា។
ជាចុងក្រោយ អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋរួមសហការជាមួយមន្ត្រីជំនាញ ទាំងអស់ដើម្បីឆ្ពោះទៅរកចំណីអាហារ ប្រកបដោយសុវត្ថិភាព ពោលគឺអ្នកផលលិត អ្នកចែកចាយ អ្នកទិញ អ្នកប្រើប្រាស់ រួមទាំងសមត្ថកិច្ចផងដែរ មុននឹងយកផលិតផលមកដាក់តាំងលក់ ត្រូវចេះមើលកាលបរិច្ឆេទឲ្យបានត្រឹមត្រូវ។
លោកផ្តាំថា កុំយកមុខទំនិញខូចគុណភាពមកដាក់តាំងលក់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ព្រោះសុខភាពសំខាន់ណាស់ និងខុសច្បាប់ថែមទៀត ហើយលោកនឹងខំប្រឹងបន្ដដឹកនាំមន្រ្តីរបស់លោក ចុះត្រួតពិនិត្យឲ្យដូចភ្លៀងរលឹម ដើម្បីឲ្យម្ហូបអាហារមានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕