(រតនគិរី)៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគិរីមានការសហការរៀបចំវេទិកាសន្ទនា «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងរដ្ឋបាលខេត្តរតនគិរី ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ញ៉ែម សំអឿន អភិបាលខេត្តស្តីទី ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងបង្ហាញជូននូវកត្តាកំណត់ជោគជ័យសំខាន់ៗមួយចំនួន ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០៣០ និង២០៥០។
ឆ្លៀតឱកាសនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗជាច្រើន នៅតាមបណ្តាមូលដ្ឋានក្នុងខេត្ត ដែលកើតឡើងដោយសារកិច្ចសហការល្អរវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិលកន្លងមក និងការខិតខំប្រឹងប្រែងពីគ្រប់ភាគីនិងដៃគូអភិវឌ្ឍន៍។ បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តដល់គ្រប់ភាគីចូលរួមអភិវឌ្ឍន៍ទាំងអស់ ឲ្យទទួលស្គាល់នូវគុណតម្លៃរួមនៃកិច្ចសហការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ចូលរួមធ្វើសង្គតភាពផែនការអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយឆន្ទៈស្មោះត្រង់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជាពិសេសបង្កើនការទទួលខុសត្រូវ ការគោរពច្បាប់ តាមរយៈការបំពេញតួនាទីនិងកាតព្វកិច្ចដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ។
លោកអភិបាលស្តីទី បានលើកសរសើរចំពោះ កិច្ចសហការជិតស្និទ្ធកន្លងមក របស់មន្ត្រីអាជ្ញាធរជាមួយអង្គការសង្គមស៊ីវិល និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធ។ លោកក៏បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឲ្យបន្តផ្តល់ការសម្របសម្រួលដល់អង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
តំណាងអង្គការសង្គមស៊ីវិល បានសម្តែងនូវការពេញចិត្ត និងកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ វ.ស.ស. ដែលបានរៀបចំវេទិកានេះ និងផ្តល់ឱកាសសម្រាប់ការពិភាក្សាដោយត្រង់ទៅត្រង់មក និងការចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងសំណូមពរប្រជាពលរដ្ឋដែលបានលើកឡើងតាមរយៈពួកគាត់៕