(ប៉ៃលិន)៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើជនត្រូវចោទចំនួន ០៤នាក់ ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមការប្រកាសរបស់ទណ្ឌិត សម រង្ស៉ី ដែលជាមេចលនាឧទ្ទាមក្រៅច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃសាលាដំបូងខេត្តប៉ៃលិន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ ជនត្រូវចោទទាំង ០៤នាក់នោះ រួមមាន៖
១៖ ឈ្មោះ វ៉ន ដារ៉ា ហៅ ប៉ុច ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ
២៖ ឈ្មោះ ឈុន សិទ្ធី ហៅ គ្រូធី ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ
៣៖ ឈ្មោះ យិន ប៉ុន ភេទប្រុស អាយុ ៦៨ឆ្នាំ ជាតិខ្មែរ
៤៖ ឈ្មោះ ហ៊ុយ ហួន ភេទប្រុស អាយុ ៦៨ឆ្នាំ ជាតិខ្មែរ។

ជនត្រូវចោទទាំង០៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៩២ ចុះថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ «រួមគំនិតក្បត់» ដោយយោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយជនត្រូវចោទទាំងនេះ ពាក់ព័ន្ធនឹងអង្គហេតុ «ការប៉ុនប៉ងការធ្វើរដ្ឋប្រហារ» ផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវ របស់ឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ដើម្បីចូលរួមអនុវត្តផែនការនេះ។

អ្នកនាំពាក្យ នៃសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាក់ទៀតថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕