(ថៃ)៖ គណៈប្រតិភូជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់កម្ពុជា ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤៣ លើប្រធានស្ថាប័នអនុវត្តច្បាប់គ្រឿងញៀនអាស៊ី និងប៉ាស៊ីហ្វិក និងព្រឹត្តិការណ៍ស្តីពីការផ្តួចផ្តើមគំនិតក្នុងការត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតំបន់អាស៊ីអាគ្នេយ៍ របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។
កិច្ចប្រជុំនេះ បានធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយមានអញ្ជើញចូលរួមមានសមាជិកចំនួន១៣៣រូប មកពីមន្រ្តីតំណាងស្ថាប័នអនុវត្តច្បាប់គ្រឿងញៀន មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចំនួន២៧ និងអង្គការអន្តរជាតិចំនួន៤។
បើតាមលោកស្រីឧត្តមសេនីយ៍ទោ ឈឹម សិទ្ធិបុណ្យរិទ្ធ បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំលើកទី៤៣នេះ ធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
*ទី១៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់គ្រឿងញៀន
*ទី២៖ ដកស្រង់បទពិសោធន៍ពាក់ព័ន្ធនឹងការងារទប់ស្កាត់ និងបង្រ្កាបការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ ក្នុងចំណោមប្រទេសក្នុងតំបន់
*ទី៣៖ លើកកំពស់ការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងករណីគ្រឿងញៀន និងកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នា ដើម្បីឈានទៅបង្រ្កាប បានចំគោលដៅ និងទាន់ពេលវេលា
*ទី៤៖ ជំរុញដល់ការទប់ស្កាត់ និងបង្រ្កាបការចរាចរគ្រឿងញៀនខុសច្បាប់ចេញពីតំបន់ផលិត (តំបន់ត្រីកោណមាស និងអឌ្ឍចន្ទមាស) ទៅកាន់ប្រទេសក្នុងតំបន់
*ទី៥៖ ជំរុញដល់ការទប់ស្កាត់ និងបង្រ្កាបការចរាចរខុសច្បាប់នូវសារធាតុគីមីផ្សំ ចូលទៅកាន់តំបន់ផលិតគ្រឿងញៀន និងទប់ស្កាត់ឱ្យបាននូវការបង្វែរសារធាតុគីមីផ្សំ ពីការប្រើប្រាស់ស្របច្បាប់យកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ របស់ពួកឧក្រិដ្ឋជនគ្រឿងញៀន៕