(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពង់បំផុត បានយាងនិវត្តន៍មកដល់មាតុភូមិកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជកិច្ចអស់រយៈពេលប្រមាណជា ៤ថ្ងៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សូមជំរាបថា ព្រះមហាក្សត្រខ្មែរ បានយាងទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីយាងចូលរួមព្រះរាជពិធីយាងឡើងគ្រងរាជរបស់ព្រះចៅអធិរាជជប៉ុន ណារ៉ុ ហ៉ីតុ។
ក្រៅពីការយាងចូលរួមក្នុងព្រះរាជពិធីឡើងគ្រងរាជរបស់ព្រះចៅអធិរាជ ណារ៉ុ ហ៉ីតុ ដែលបានធ្វើឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនោះ ក្នុងពេលគង់ប្រថាប់នៅប្រទេសជប៉ុន ព្រះមហាក្សត្រខ្មែរ បានអនុញ្ញាតនាយករដ្ឋមន្ត្រី លោក ស្ស៉ិនហ្សូ អាបេ ចូលគាល់ និងសវនាការលើការងារមួយចំនួន។ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏បានយាងចូលជួបសាវនាការជាមួយព្រះចៅអធិរាជជប៉ុន ណារ៉ុ ហ៉ីតុ ផងដែរ។
ទាំងការជួបសវនាការជាមួយនាយករដ្ឋមន្ត្រី និងព្រះចៅអធិរាជជប៉ុន ព្រះមហាក្សត្រខ្មែរ ក៏ដូចជាភាគីជប៉ុន បានគូសបញ្ជាក់ឡើងវិញ ពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន ដែលមានរយៈពេលប្រមាណជា៦៦ឆ្នាំមកនេះ។ ភាគីជប៉ុន ក៏បានអះអាងពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងគាំទ្រ និងបន្តជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជាផងដែរ៕