(ភ្នំពេញ)៖ ស្ថានទូតសិង្ហបុរី ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់ជ័យលាភីអាហារូបករណ៍ ដល់សិស្សកម្ពុជាចំនួន០៣រូប ដែលពួកគេជាប់អាហារូករណ៍ទៅសិក្សានៅប្រទេសសិង្ហបុរី រយៈពេល៤ឆ្នាំ ក្រោមកម្មវិធី «អាហារូបករណ៍អាស៊ាន ឆ្នាំ២០២០ (2020 ASEAM Scholarship)»។
ពិធីប្រគល់ជ័យលាភីអាហារូបករណ៍អាស៊ាន ឆ្នាំ២០២០ ដល់យុវតីទាំង០៣រូបនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងលោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា។
លោក Michael Tan បានថ្លែងអបអរសាទរយ៉ាងកក់ក្តៅ ដល់យុវតីទាំង០៣រូប។ លោកចាត់ទុកថា ពួកគេពិតជាបានធ្វើឲ្យសាលារៀន ក្រុមគ្រួសារ ជាពិសេសមាតាបិតា ឬអាណាព្យាបាល មានមោទកភាពយ៉ាងក្រៃលែង។
លោកឯកអគ្គរដ្ឋទូត បានបន្តថា «សិង្ហបុរីបានប្តេជ្ញាចិត្តថា នឹងបន្តភាពជាដៃគូជាមួយកម្ពុជា លើការកសាងសមត្ថភាព ជាពិសេសការកសាងធនធានមនុស្ស និងវិស័យអប់រំ។ នេះគ្រាន់តែជា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយ ក្នុងចំណោមកិច្ចសហប្រតិបត្តិការ ទ្វេភាគីជាច្រើនទៀត»។
លោកបានគូសបញ្ជាក់ថា អាហាររូបករណ៍អាស៊ាននេះ ត្រូវបានប្រគល់ដល់បេក្ខជន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យយ៉ាងតឹងតែង និងច្បាស់លាស់ និងត្រូវបានវាស់ស្ទង់ ដោយលទ្ធផលនៃការសិក្សារបស់បេក្ខជនអាស៊ាន នៅក្នុងឆ្នាំសិក្សានោះ។ ជ័យលាភីអាហាររូបករណ៍នេះ ត្រូវបានប្រគល់ដល់បេក្ខជន ដោយផ្អែកលើសមត្ថភាពរបស់បេក្ខជនផ្ទាល់តែម្តង។
លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការជាប់ជ័យលាភីអាហារូបករណ៍អាស៊ាន ឆ្នាំ២០២០ ទៅសិក្សានៅសិង្ហបុរី របស់យុវតីកម្ពុជាទាំង០៣រូប គឺជាការសិក្សាមួយឆ្លើយតបនឹង សម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ឬការសិក្សាសម័យទំនើបជឿនលឿន។
លោកយល់ថា ការអប់រំបែបទំនើប និងធ្វើឲ្យសិស្សកាន់តែពូកែ ហើយនៅពេលដែលសិស្សពូកែ មានប្រជាពលរដ្ឋល្អ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើនផងដែរ។ លោករំពឹងថា យុវតីទាំង០៣រូប នឹងក្លាយជាទំពាំងដ៏ល្អសម្រាប់ជាតិមិនខានឡើយ។
រដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចយើងដឹងស្រាប់ហើយថា សម័យនេះជាសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលវិទ្យាសាស្ត្រនេះឡើងគ្រប់បែបយ៉ាង ហើយពិសេសការបណ្តុះបណ្តាល ក៏ត្រូវមានការផ្លាស់ប្តូរ ដើម្បីធ្វើឲ្យខឿនសេដ្ឋកិច្ចយើងដែរទាន់ ការផ្លាស់ប្តូរនៃបច្ចេកវិទ្យានេះ។ ការអប់រំដើរតួរសំខាន់ ព្រោះធនធានមនុស្សជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច បើធនធានមនុស្សយើងខ្សោយ ការអភិវឌ្ឍសេដ្ឋកិច្ចយើងក៏ខ្សោយដែរ»។
លោក យក់ ង៉ុយ ក៏បានចូលរួមអបអរសាទរ ជាមួយនឹងគ្រួសារសិស្ស ដែលបានប្រឡងជាប់អាហារូបករណ៍នេះ។ លោកបន្តថា ក្រសួងអប់រំ ក៏សូមអរគុណ ចំពោះឪពុកម្តាយ និងអាណាព្យាបាល ដែលបានជួយទំនុកបម្រុងកូនឲ្យខិតខំរៀនសូត្របានពូកែបែបនេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេល០៣ឆ្នាំចុងក្រោយនេះ មានបេក្ខជន០៨នាក់ហើយ ដែលទទួលបានជ័យលាភី អាហារូបករណ៍នេះ។ ក្នុងនោះ មានបេក្ខជន០៣នាក់ នៅក្នុងឆ្នាំ២០១៦, មានបេក្ខជន០២នាក់ នៅក្នុងឆ្នាំ២០១៧ និងមានបេក្ខជន០៣នាក់ នៅក្នុងឆ្នាំ២០១៨៕