(ភ្នំពេញ)៖ ដោយមើលឃើញពីការលំបាក របស់សិស្សានុសិស្សក្រីក្រ នៅតាមជនបទដែលកំពុងខ្វះសម្ភារសិក្សានោះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ សមាគម ស៊ី ប៊ី ស៊ី (CBC Association) បាននាំសម្ភារសិក្សាយកទៅចែក ជូនដល់ពួកគេចំនួន២២០នាក់ ដែលកំពុងតែសិក្សា នៅសាលាបឋមសិក្សាពាមអំពិល ភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្ដព្រៃវែង។
ពិធីចែកសម្ភារសិក្សាដល់សិស្សានុសិស្សក្រីក្រនាពេលនេះ បានធ្វើឡើងក្រោមវត្តមានលោក ហ៊ី ធួក អភិបាលស្រុកពារាំង, លោក លី ហ្វាជី ប្រធានសមាគម ស៊ីប៊ីស៊ី (CBC Association) លោកស្រី សៅ រ៉ាដា អនុប្រធានសមាគម ស៊ីប៊ីស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ជាច្រើនរូប។
បើតាមលោក អ៊ុក ញ៉ នាយកសាលាបឋមសិក្សាពាមអំពិលបានឱ្យដឹងថា ដោយមានជួយឧបត្ថម្ភ និងការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជន ទើបសាលាបឋមសិក្សាពាមអំពិល បានបើកដំណើរការរហូតមកដល់បច្ចុប្បន្ននេះ។ ដោយបច្ចប្បន្ននេះ សាលាមាន៧បន្ទប់ សិស្សសរុបចំនួន២២០នាក់ លោកគ្រូ អ្នកគ្រូស រុប៨នាក់។
លោកបានបន្ដថា បច្ចុប្បន្នសាលាខ្វះថវិកាប្រមាណ៩.៨លានរៀល ដើម្បីយកមកសាងសង់របងសាលា ដែលមានប្រវែង៩៨ម៉ែត្រ ម្យ៉ាងទៀត ជារៀងរាល់ឆ្នាំ លោកគ្រូ អ្នកគ្រូបានសហការជាមួយ អាជ្ញាធរដើររៃអង្គាសប្រាក់ ដើម្បីយកមកទិញសៀវភៅដាក់ នៅក្នុងបណ្ណាល័យឱ្យសិស្ស។
លោកនាយកសាលាបានអំពាវនាវ ឱ្យសប្បុរសជនជួយឧបត្ថម្ភថវិកា ដើម្បីយកមកសាងសង់របងសាលា។
លោក លី ហ្វាជី បានឱ្យដឹងថា ស្របតាមគោលនយោបាយ វិថីមួយក្រវ៉ាត់មួយ របស់ប្រទេសចិន និងគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ សមាគម ស៊ីប៊ីស៊ី បានចុះបញ្ជីស្របច្បាប់ជាផ្លូវការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
លោកបានបន្ដឲ្យដឹងថា ការបង្កើតសមាគម ស៊ីប៊ីស៊ី គឺដើម្បីពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសចិន និងប្រទេសកម្ពុជា ក៍ដូចជាដើម្បីផ្ដល់ប្រឹក្សាផ្នែកពាណិជ្ជកម្ម និងភាពងាយស្រួល ដល់វិនិយោគគិនចិននៅកម្ពុជា។
លោក លី ហ្វាជី បានបន្តថា សមាគម ស៊ីប៊ីស៊ី កំពុងធ្វើសកម្មភាពសប្បុរសធម៌យ៉ាងសកម្ម ដោយក្នុងនោះជួយសម្រួលដល់ក្រុមហ៊ុនចិន ធ្វើការវិនិយោគនៅកម្ពុជា ដោយស្របច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ប្រទេសចិន និងកម្ពុជា។
ថ្ងៃនេះ លោកពិតជាមានកិត្តិយសណាស់ ដែលបានជួបអ្នកទាំងអស់គ្នានៅទីនេះ ជាពិសេសលោកក៏នាំមកនូវថវិកា និងអំណោយសម្ភារ សិក្សាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលត្រៀម នឹងចាប់ផ្តើមបវេសនកាលថ្មីនេះ ដើម្បីលើកទឹកចិត្តសិស្សឱ្យខិតខំសិក្សា ដើម្បីថ្ងៃអនាគតចូលរួមការអភិវឌ្ឍសង្គម និងប្រទេសជាតិ។
លោក ហ៊ី ធួក អភិបាលស្រុកពារាំង ក៏សូមអរគុណយ៉ាងខ្លាំង ចំពោះសមាគម ស៊ីប៊ីស៊ី ដែលបានទិញសម្ភារសិក្សាជូនដល់សិស្សានុសិស្ស។ ប្រទេសកម្ពុជា និងចិន ជាប្រទេសមិត្តសម្លាញ់ដែលមានប្រវត្តិទំនាក់ទំនងតាំងពីយូរលង់ណាស់មកហើយ៕