(ភ្នំពេញ)៖ យុទ្ធនាការ «ដើរដោយសុវត្ថិភាព» គឺជាយុទ្ធការមួយដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ រៀបចំដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរនៅតាមដងផ្លូវនៅទូទាំងប្រទេស។
កន្លងមក និងបច្ចុប្បន្នគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិងកំពុងតែខិតខំយ៉ាងសកម្មតាម គ្រប់វិធីសាស្ត្រទាំងការរឹតបន្តឹងការអនុវត្តច្បាប់ និងយុទ្ធនាការអប់រំផ្សព្វផ្សាយផ្សេងៗដើម្បីទប់ស្កាត់ កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោកនៅកម្ពុជា។
តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា យុទ្ធនាការ «ដើរដោយសុវត្ថិភាព» នឹងធ្វើឡើងនៅព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែល «យុទ្ធនាការនេះ នឹងមានអ្នកចូលរួមដើរចំនួន១០០០នាក់ ដែលនឹងត្រូវចេញដំណើរពីមុខវត្តបុទុមវត្តី ទៅកាន់មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដើម្បីភ្ជាប់ទៅក្នុងការចូលរួមពិធីអន្តរជាតិរំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ការអនុវត្តគម្រោង «ដើរដោយសុវត្ថិភាព» នេះនឹងចាប់អនុវត្តចាប់ពីចុងខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៩ ដោយការបង្កើតផេកហ្វេសប៊ុក ដែលមានការអប់រំផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ផ្លូវ ឲ្យមានការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក និង អំពីការយកចិត្តទុកដាក់ប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍។
ក្នុងគោលបំណងប្រមូលផ្តុំកិច្ចសហការរួមឲ្យកាន់តែផុសផុល ឈានទៅទប់ស្កាត់ លប់បំបាត់នូវទុក្ខសោកដោយការស្លាប់ របួស ពិការ និង ការខាតបង់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គម្រោង «យុទ្ធនាការដើរដោយសុវត្ថិភាព» សូមអំពាវនាវដល់ អង្គការ សមាគម ក្រុមហ៊ុនជាតិ អន្តរជាតិ ជាដៃគូរទាំងអស់ និងសប្បុរសជននានា សូមមេត្តាចូលរួមចំណែកជាធនធាន ស្មារតី សម្ភារ ថវិកា សម្រាប់ដំណើរការគម្រោងនេះ ដោយសូមទំនាក់ទំនងតាមរយផេកហ្វេសប៊ុក «SAFE WALK» ឬតាមលេខទូរស័ព្ទ 012 308 756 077 292 087 និង 010 811 168 ៕