(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Panasonic របស់ជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានប្រគល់រង្វាន់អាហារូបករណ៍ ដល់និស្សិតកម្ពុជាចំនួន០៦រូប មានតម្លៃរហូតដល់២០ម៉ឺនដុល្លារអាមេរិក ដើម្បីឲ្យពួកគេបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាចំនួន០២ ក្នុងរាជធានីភ្នំពេញ។
ក្នុងចំណោមនិស្សិតទាំង០៦នាក់នោះ មាន០៥នាក់រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងម្នាក់ទៀតរៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ (PUC) ដែលពួកគេសុទ្ធតែជានិស្សិតឆ្នើម និងរៀនពូកែ។
លោក ណម ចាន់ណាត់ ជានិស្សិតមកពីខេត្តកំពង់ចាម ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថាន ITC បានឲ្យដឹងថា អាហារូបករណ៍នេះ នឹងរួមចំណែកយ៉ាងច្រើនដល់ការសិក្សារបស់គេ។ អត្ថប្រយោជន៍នោះ គឺថ្លៃសាលាត្រូវបានបង់ជំនួស ហើយនិស្សិតរូបនេះក៏អាចយកថវិកាមួយចំនួន ទៅបម្រើដល់ការសិក្សា និងដោះស្រាយជីវភាពរស់នៅផ្ទាល់ខ្លួនផងដែរ។
កញ្ញា ហ៊ង សុខហ៊ាង ជានិស្សិតមកពីខេត្តក្រចេះ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ PUC បានអះអាងថា កញ្ញាពិតជាសប្បាយរីករាយ ដែលទទួលបានអាហាររូបករណ៍នេះ។ កញ្ញាបានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឲ្យអ្នកផ្តល់អាហាររូបករណ៍ កាន់តែពេញចិត្តក្នុងការរួមចំណែក ជួយលើកស្ទួយការសិក្សារបស់និស្សិតកម្ពុជា។
លោក Maresuke Nagatoshi នាយកគ្រប់គ្រងក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩១៨ ក្រុមហ៊ុន Panasonic មិនត្រូវតែគិតគូរពីសុខុមាលភាព របស់អ្នកពាក់ព័ន្ធប៉ុណ្ណោះទេ សូម្បីតែក្នុងសហគមន៍ក៏ក្រុមហ៊ុន គិតគូរយ៉ាងយកចិត្តទុកដាក់ផងដែរ។ Panasonic បានផ្តួចផ្តើមនូវយុទ្ធនាការ Panasonic Environment Vision 2050 ដែលផ្តោតសំខាន់លើកិច្ចការពារបរិស្ថាន និងកិច្ចការគាំទ្រសង្គម ដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ប្រជាជន ក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។
លោកបញ្ជាក់ថា «ចក្ខុវិស័យនេះ បានបន្តក្នុងប្រទេសកម្ពុជា ដោយថ្ងៃនេះក្រុមហ៊ុនបានប្រគល់នូវរង្វាន់អាហារូបករណ៍ ដល់និស្សិតកម្ពុជាអាចបន្តការសិក្សា តាមជំនាញដែលពួកគាត់រៀន។ កញ្ចប់ថវិកាប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ត្រូវបានរៀបចំសម្រាប់ការផ្តល់អាហារូបករណ៍ រយៈពេល០៥ឆ្នាំ។ រៀងរាល់ឆ្នាំ និស្សិតកម្ពុជាទាំង០៦នាក់ នឹងត្រូវទទួលបានការសិក្សាឥតបង់ថ្លៃ ព្រមជាមួយប្រាក់ឧបត្ថម្ភសម្រាប់ជីវភាពរបស់ពួកគាត់»។
នាយកគ្រប់គ្រងខាងលើបានបន្ថែមទៀតថា កម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុន Panassoic ត្រូវបានបង្កើតឡើង ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព និងផ្ដល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយ។ មាននិស្សិតប្រមាណ ៩០៥នាក់ បានទទួលអត្ថប្រយោជនអាហារូបករណ៍នេះ ហើយចំនួននេះនៅបន្តកើនឡើងជាបន្តបន្ទាប់។
លោក Maresuke Nagatoshi បានសំណូមពរទៅកាន់និស្សិតទាំងអស់ថា «សូមឲ្យប្អូនៗបន្តក្តីសុបិន្តដែលខ្លួនចង់បាន ពីព្រោះអនាគតជាកម្មសិទ្ធរបស់យើងម្នាក់ៗ មានតែអ្នកដែលមានក្តីសុបិន្តច្បាស់លាស់តែប៉ុណ្ណោះ ទើបធ្វើដំណើរទៅអនាគតដែលខ្លួនចង់បាន។ តាមរយៈគំនិតនេះ Panasonic តែងជឿជាក់ថា យើងនឹងផ្តល់នូវជីវិតរស់នៅប្រកបដោយផាសុកភាព និងធ្វើឲ្យពិភពលោកស្រស់បំព្រង ដូចនឹងពាក្យស្លោក A Better Life, A Better World»៕